ខ្លាំងបាត់! ជាង១០ប្រកួតស្មាត់ រាជ វិចិត្រ វីត រក្សាកំណត់ត្រាមិនដែលចាញ់
- 2024-05-15 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងបាត់! ជាង១០ប្រកួតស្មាត់ រាជ វិចិត្រ វីត រក្សាកំណត់ត្រាមិនដែលចាញ់
ចន្លោះមិនឃើញ
ក្រុមអធិរាជប្រអប់ស្មាត់រាជ វិចិត្រ និងវីតប៉ះសេ បានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះក្រៅផ្លូវការនៅកម្ពុជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពួកគេបានរក្សាកំណត់ត្រាដ៏អស្ចារ្យ១១ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់សោះឡើយ។
ក្រោយការប្រកួតមានចាញ់មានឈ្នះ២ថ្ងៃជាប់គ្នានៅទឹកដីខេត្តព្រះសីហនុជាមួយក្រុមចាវជីឡុង ក្រុមអធិរាជប្រអប់ស្មាត់រាជក៏បានធ្វើដំណើរឡើងទៅទឹកដីខេត្តបាត់ដំបងទាំងយប់ ដើម្បីទៅលេងជាមួយក្រុមកីឡាករបាល់ទះខេត្តបាត់ដំបង។
ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ពួកគេបានតឲ្យក្រុម ហុកលី បីទល់បួននៅតារាងបាល់ទះប្រុសយ៉េសវត្តតាមឹម។ ពួកគេបានយកឈ្នះក្រុមបាត់ដំបងក្នុងលទ្ធផលពិន្ទុ ១៥-៩។ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ គេបានតឲ្យក្រុមកីឡាករបាត់ដំបង៣ទល់៥នៅតារាងបាល់ទះលោកគ្រូ សុំ ថាន ដោយលទ្ធផលពួកគេឈ្នះពិន្ទុ ១៥-៨។
ក្នុងថ្ងៃដដែលនោះគេបានចាប់គូត្រូវមួយគូទៀតតឲ្យក្រុមតាក់អន្លង់វែង ស្មាត់សី ស្មាត់ភ័ក្ត្រនិងកែកប៉ះសេ៣ទល់៤ នៅតារាងបាល់ទះប្រុសយ៉េសវត្តតាមឹម ដោយលទ្ធផលពួកគេបានយកឈ្នះទៀតក្នុងលទ្ធផលមិននឹកស្មាន១៥ទល់នឹង២គ្រាប់គត់តែម្ដង។
ចាញ់មិនអស់ចិត្ត កីឡាករខាងបួនក៏បានចចារសុំឲ្យស្មាត់រាជតឲ្យ៥នាក់។ ក្រុមស្មាត់រាជក៏ព្រមដ្បិតមើលឃើញពួកគេមានដើមក្រាស់ក្រែលដែរ។ ជាលទ្ធផលក្រុមអធិរាជប្រអប់នៅតែរក្សាកំណត់ត្រាឈ្នះដដែលក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹង ៧។
ក្រោយប្រកួតនៅបាត់ដំបងចប់ស្មាត់រាជ វិចិត្រ វីត ក៏បានបន្តទៅលេងទឹកដីអង្គរខេត្តសៀមរាប ដោយតឲ្យអ្នកស្រុកសណ្ដាន់ ៣ ទល់ ៥ នៅតារាងបាល់ទះ៩៩៩៩ ចំណុចភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ លើទឹកដីអង្គរពួកក៏ធ្វើបានល្អណាស់ដោយឈ្នះពីរប្រកួតជាប់ៗគ្នា។
បញ្ចប់នៅសៀមរាប ពួកគេក៏បានបន្តដំណើរទៅខេត្តកំពង់ស្ពឺ លេងជាមួយក្រុមកីឡាករផ្សារញ៉ែ នៅតារាងបាល់ទះផ្សារញ៉ែភ្នំស្រង់ ដោយពួកគេឈ្នះទាំងពីរប្រកួតជាប់ៗគ្នាដែរ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
មានទឹកដៃល្អច្បាស់ណាស់សំបូរក្រុមចង់សាកថ្វីដៃ។ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ពួកគេបានទៅខេត្តតាកែវលេងជាមួយក្រុមស្មាត់ រិទ្ធី ចិត្រា និងដេតប៉ះសេ ៣ ទល់នឹង ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦១ ផ្លូវជាតិលេខ២ នៅតារាងបាល់ទះភូមិឈូក-ស។ ពួកគេបានលត់ក្រុមតាកែវមួយក្រុមនេះ២សិតទល់នឹងសូន្យ។ ចាញ់មិនអស់ចិត្តថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមតាកែវបានចចារលេង៣ស្មើជាមួយស្មាត់រាជ ប៉ុន្តែសុំឱ្យស្មាត់រាជនៅមុខដាច់។ ទោះចាប់កុកយ៉ាងណាដ៏ដោយ ក្រុមស្មាត់រាជនៅតែឈ្នះក្រុមតាកែវ១សិតទល់នឹងសូន្យ។
ជាមួយនឹងកំណត់ត្រាមិនដែលចាញ់១១ប្រកួតនេះ តើប្រិយមិត្តយល់យ៉ាងណាដែរ? តើក្រុមណាស័ក្តិសមជួបក្រុមខ្លាំងមួយនេះ?