ទៅលេងសៀមរាបពេលនេះ អាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប បានវិញហើយ
- 2024-05-16 04:15:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងសៀមរាបពេលនេះ អាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប បានវិញហើយ
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះថា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីពេលនេះតទៅ សម្រាប់ភ្ញៀវទេសចរ។
ការប្រកាសបើកឡើងវិញនេះ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។
សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមជម្រាបថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម "សិវលោក" ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕