នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យមាន​គ្រុបឆាតមួយ​ជាមួយ​លោកម៉ាក្រុង និងសម្តេច ហ៊ុន ម៉ាណែត

  • 2024-05-20 02:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បាន​ស្នើឱ្យប្រធានាធិបតីបារាំង លោក អេម៉ាណូអែល ម៉ាក្រុង បង្កើត​គ្រុបឆាត WhatsApp មួយ​ជាមួយរូបលោក និងសម្តេច​ធិបតី ហ៊ុន ម៉ាណែត ដើម្បីងាយស្រួលពិភាក្សាបញ្ហាអន្តរជាតិ។ លោកថ្លែងដូច្នេះ ទៅកាន់​អ្នកកាសែត​ក្រោយជួបលោក ម៉ាក្រុង ក្នុងអំឡុងពេល​ចូលរួមវេទិកាពាណិជ្ជកម្ម​ ថៃ-បារាំង នៅក្រុងប៉ារីស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៤។

ក្នុងពេល​ជួបពិភាក្សា​ជាមួយ​លោក ម៉ាក្រុង លោក ស្រេតថា បានបញ្ជាក់ថា លោក​បានផ្តល់លេខទំនាក់ទំនង​របស់លោកទៅឱ្យលោក ម៉ាក្រុង និង​ភរិយា តាមរយៈកម្មវិធី WhatsApp។ ពេលនោះ លោក ម៉ាក្រុង ថា លោក​ក៏មានទំនាក់ទំនង​ជិតស្និទ្ធជាមួយ​នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈកម្មវិធីនេះផងដែរ។ អ៊ីចឹងហើយ លោកស្រេតថា ក៏បានស្នើឡើងតែម្តងថា គួរតែមានគ្រុបឆាត WhatsApp ដែលមានមេ​ដឹកនាំទាំង៣រូបនេះ ដើម្បី​ពិភាក្សា​គ្នា​ពីបញ្ហាផ្សេងៗដែល​ពាក់ព័ន្ធនឹង​បារាំង និងអាស៊ាន។

សូមជម្រាប​ថា ក្នុងជំនួបពិភាក្សារវាង​លោក ស្រេតថា និង លោក ម៉ាក្រុង បានលើកឡើង​ពីបញ្ហានៅតំបន់ហ្គាសា, ព្រឹត្តិការណ៍​កីឡាអូឡាំពិកឆ្នាំ​២០២៤ នៅក្រុងប៉ារីស និង​ស្ថានភាព​នៅមីយ៉ាន់ម៉ា​ជាដើម។ ជាមួយ​គ្នានោះ ប្រធានាធិបតីបារាំង ក៏បាន​អញ្ជើញ​ប្រទេសថៃ ចូលរួម​ក្នុងសន្និសីទស្តីពីបញ្ញាសិប្បនិម្មិត ដែលបារាំង​ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ​២០២៥ផងដែរ។

គួររំលឹកថា កាលពីខែមករា ឆ្នាំ​២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ធ្វើទស្សនកិច្ចនៅប្រទេសបារាំង ជាលើកដំបូង ដើម្បីពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី