សម្តេចធិបតី ប្រកាសពេលវេលាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយនឹងមានអ្នកវិនិយោគខ្មែរភាគច្រើន ចូលរួមក្នុងគម្រោងនេះ
- 2024-05-30 03:03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចធិបតី ប្រកាសពេលវេលាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយនឹងមានអ្នកវិនិយោគខ្មែរភាគច្រើន ចូលរួមក្នុងគម្រោងនេះ
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី បានគូសបញ្ជាក់ថា គម្រោងនេះ បើទោះជាមាន ឬមិនមានការចូលរួមវិនិយោគពីបរទេសក៏ដោយ ក៏កម្ពុជានៅតែប្តេជ្ញាសាងសង់ព្រែកជីកនេះឱ្យបានដែរ។ ការបើកការដ្ឋាននេះ ក៏មិនបង្អង់យូរទៀតដែរ ដោយនឹងបើកការដ្ឋាននៅខែ៨ខាងមុខ ហើយពេលចាប់ផ្តើមសាងសង់ នឹងមានអ្នកវិនិយោគខ្មែរចូលរួមភាគច្រើន។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា៖ «ការងារព្រែកជីកនៅថ្ងៃមុខ ពេលដែលចាប់ផ្តើមសាងសង់ នឹងមានខ្មែរយើងចូលរួមជាភាគច្រើន។ ពិតណាស់ យើងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីគាត់មានបច្ចេកទេស ហើយដាក់ទុនមួយចំនួនដើម្បីធ្វើ។ ប៉ុន្តែឥឡូវនេះ យើងបានចរចា ហើយសូមជម្រាបលោកយាយលោកតា ថាខ្មែរយើងនឹងមានភាគច្រើន នៅក្នុងគម្រោងនេះតែម្តង។ ហើយការបើកមិនចាំយូរ នាំឱ្យយប់យូរសុបិន្តច្រើន អ៊ីចឹងយើងនឹងបើកការដ្ឋាននៅក្នុងខែ៨ ខាងមុខនេះ។ គម្រោងនេះ ជាគម្រោងជាតិនិយម ត្រង់ថា ប្រជាជនខ្មែរគ្រប់ទាំងអស់ ទោះជានិន្នាការណាក៏ដោយ គឺយល់ថា នេះជារបស់ខ្មែរ ជាផលប្រយោជន៍ខ្មែរ ហើយតិចទៀត កូនខ្មែរនឹងចូលរួមកសាងភាគច្រើន»។
គួររំលឹកថា កាលពីចុងខែមេសាកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំសេណារីយ៉ូ ៣តង់រួចមកហើយ បើសិនគ្មានបរទេសចូលរួមទេនោះ ពោលគឺសេណារីយ៉ូ៣ដំណាក់នេះ នឹងត្រូវធានាឱ្យបានថា គម្រោងព្រែកជីកហ្វូណនតេជោ ដាច់ខាតត្រូវតែធ្វើឱ្យចេញ។
សូមជម្រាបថា គម្រោងនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕