ប្រធានសមាគមសិល្បករខ្មែរ ដាក់ផែនការ ៥ចំណុច ក្នុងគោលដៅអភិរក្ស អភិវឌ្ឍ លើកស្ទួយសិល្បៈវប្បធម៌ខ្មែរ

  • 2024-06-01 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី ៦ ប្រមាណ ៣ សប្តាហ៍ប៉ុណ្ណោះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានខិតខំប្រឹងប្រែងរៀបចំទីស្នាក់ការសមាគមឱ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឱ្យសិល្បករ។

មិនតែប៉ុណ្ណោះ សមាគមសិល្បករខ្មែរ ក៏បានរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងព្រះវត្តមាន និងវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចគណៈអធិបតី ភ្ញៀវកិត្តិយសសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ ចូលរួមសរុបប្រមាណជិត ៣០០០នាក់ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

រូបភាព៖​ ហ្វេសប៊ុក សមាគមសិល្បករខ្មែរ

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម បានសម្តែងក្តីរំភើប និងរីករាយឥតឧបមា ដែលបានរៀបចំពិធីដ៏អធិកអធមនេះឡើងជាលើកដំបូង ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី ៦។

ប្រធានសមាគមសិល្បករ បានថ្លែងថា កម្មវិធីក្រោមប្រធានបទ «អ្នកស្នងមរតក» គឺជាការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បងគ្រប់ជំនាន់ ហើយក៏ជាសក្ខីភាពនៃការចាប់ផ្តើមនូវការកសាងធនធានសិល្បករជំនាន់ថ្មីពីព្រឹទ្ធសិល្បករ ដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាពជានិច្ចនិរន្តន៍។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអាណាព្យាបាលជំនាញ ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដាក់ចេញនូវផែនការ ៥ចំណុច ដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ រួមមាន៖

១. លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករ តំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករដែលពួក គាត់ជាកំលាំងស្នូល ។

២. កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ជាពិសេសស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវ សិល្បករ ឱ្យង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដែលរក្សាខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិ ឈានឆ្ពោះទៅរកការ គាំទ្រនូវឆាកអន្តរជាតិ ។

៣. ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុង គោលបំណងផ្តល់ឳកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និង ទេសចរណ៍ និងការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ និង អាចចែករំលែកដល់ការគាំពារជួយ ទ្រទ្រង់សិល្បករចាស់ជរា និងអ្នកបាត់បង់សមត្ថភាព។

៤. បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក។

៥. សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលមានដូចជា៖ កាកបាទក្រហម សភាពសហព័ន្ធយុវវជនកម្ពុជា សមាគមកាយឫទ្ធិកម្ពុជា សមាគមពេទ្យស្ម័គ្រចិត្តធីតា ជាដើម។

រូបភាព៖​ ហ្វេសប៊ុក សមាគមសិល្បករខ្មែរ

ដើម្បីបំពេញនូវផែនការ ៥ ចំណុចខាងលើប្រធានសមាគមសិល្បករខ្មែរ បានថ្លែងពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងដូច្នេះថា «នេះពិតមែនតែធំធេងអាចលើសអំពីសមត្ថភាព និងលទ្ធភាពបច្ចុប្បន្ន ក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្ត បន្ទាប់ ព្រោះសមាគមមានជំនឿជាក់ទៅលើសមាជិកនៃក្រុមប្រឹក្សាភិបាលដែលមានសមាសសភាពមកពីអន្តរវស័យ ពាក់ព័ន្ធ គណកម្មការប្រតិបត្តិ និង ទីប្រឹក្សាល្អៗជាច្រើនរបស់សមាគមដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងមាន ឆន្ទៈរួមដូចគ្នា ព្រមទាំងមានសមាជិកសិល្បករជាច្រើនដែលជាកម្លាំងសាមគ្គីមិនអាចខ្វះបាន ជាពិសេសទៀតនោះ សមាគមសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនជាច្រើនដែលបន្តជួយគាំទ្រដើម្បីជួយ ឱ្យសមាគមសិល្បករខ្មែរ អាចបំពេញបេសកកម្មដ៏ធំធេងជូនជាតិ និងរាជរដ្ឋាភិបាល»។

ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភថវិកាសរុបចំនួន ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល ៥ឆ្នាំ។

រូបភាព៖​ ហ្វេសប៊ុក សមាគមសិល្បករខ្មែរ

បន្ថែមពីលើការឧបត្ថម្ភសាច់ប្រាក់ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតមូលនិធិដើម្បីជួយទ្រង់ទម្រង់សិល្បៈដែលងាយរងគ្រោះ នឹងអាចឈានដល់បាត់បង់ ថែមទាំអបានឯកភាពគោលការណ៍អនុគ្រោះពន្ធពាក់ព័ន្ធទៅនឹងការបង្កើតស្នាដៃសិល្បៈថ្មីៗនៅក្នុងវិស័យសិល្បៈ តាមសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។

រូបភាព៖​ ហ្វេសប៊ុក សមាគមសិល្បករខ្មែរ

សូមជម្រាបផងដែរថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ សម្រាប់សមាគមប្រើប្រាស់ក្នុងរយៈពេល ៥ឆ្នាំ ក្នុងចេតនា ដើម្បីជាការទ្រទ្រង់ដល់សមាគមសិល្បករខ្មែរឱ្យមាននិរន្តរភាព៕

អត្ថបទ៖ Ah Mouy