ដឹងពេលវេលាបើកឱ្យប្រើប្រាស់សាកល្បងស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរហើយ!
- 2024-06-05 03:11:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពេលវេលាបើកឱ្យប្រើប្រាស់សាកល្បងស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរហើយ!
ចន្លោះមិនឃើញ
ការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបាន ៤១,៥០%ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥។ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។
ស្ពាននេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៥។
សូមជម្រាបថា សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្ត ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ ឱ្យដឹងថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ៕