កំពង់ផែធំ២របស់កម្ពុជា នឹងតភ្ជាប់ការដឹកជញ្ជូនគ្នាតាមរយៈព្រែកជីកហ្វូណនតេជោ
- 2024-06-06 07:32:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពង់ផែធំ២របស់កម្ពុជា នឹងតភ្ជាប់ការដឹកជញ្ជូនគ្នាតាមរយៈព្រែកជីកហ្វូណនតេជោ
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បានសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងពិធីសម្ពោធនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះស្ថិតក្នុងភូមិសាស្រ្តដែលមានអំណោយផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។
ឯកឧត្តមបន្តថា ទីតាំងរបស់កំពង់ផែនេះក៏មានការសាងសង់ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈគម្រោងព្រែកជីកហ៊្វូណនតេជោ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។
សូមជម្រាបថា បើតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធកំពង់ផែពហុបំណងកំពតនេះ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។
ជាមួយគ្នានេះ កំពង់ផែពហុបំណងកំពត រំពឹងថានឹងក្លាយជាផ្នែកមួយក្នុងការចូលរួមជំរុញឱ្យគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ៊្វូណនតេជោ” ឱ្យកាន់តែមានសក្តានុពល និងអាចលើកកម្ពស់មុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានការប្រកួតប្រជែងខ្ពស់។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕