អ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់រាយប៉ាយ ដើម្បីជួសជុលឡើងវិញ ប៉ុន្តែ១ថ្ងៃ ជញ្ជូនបានតែបីបួនដុំប៉ុណ្ណោះ

  • 2024-06-12 08:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ក្រុមអ្នកជំនាញស្វែងរកថ្មប្រមាណ១០នាក់ រួមគ្នាប្រឹងប្រែងស្វែងរកថ្មទាំងនៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័ចខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ។

លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្ម នៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែងឱ្យដឹងថា ការងារស្វែងរកថ្មដែលរលុះធ្លាក់រាយប៉ាយជុំវិញប្រាសាទភ្នំបាខែង មានបីប្រភេទ ក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្តសញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ពន្ធប្រាសាទ ក្រោយពីរកឃើញ។ ក្រៅពីនេះ ក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុង៤សម័កាលចាប់តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។

អ្នកជំនាញរូបនេះបន្តថា ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី៥០ ទៅ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ៧០ទៅ៨០ភាគរយ បានមកផ្គុំឡើងវិញ។

លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្ម មានប្រសាសន៍ថា លោកពិតជាមានមោទកភាពដែលបានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។ តាមរយៈបទពិសោធន៍ជាង១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។ លោក ឆើត បញ្ជាក់ថា ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុម បើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ រីឯការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំវិញ ក៏ត្រូវការពេលវេលាយូរ ដើម្បីធ្វើតាមបច្ចេកទេសត្រឹមត្រូវ គឺអាចជញ្ជូនបានតែពី៣ ទៅ៤ដុំក្នុងមួយថ្ងៃ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ សំភី