២០២៥ ជាឆ្នាំ​បើកឱ្យ​ឆ្លងស្ពានខ្ពស់ជាងគេ ហើយក៏​អាចជាឆ្នាំ​បើកការដ្ឋានស្ពានទៅអរិយក្សត្រដែរ

  • 2024-06-13 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ២០២៥ខាងមុខនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​នឹងត្រូវបានសាងសង់រួចរាល់ ជាពិសេស​ស្ពានខ្ពស់​ជាងគេ ដែល​ជាផ្នែកមួយនៃ​ផ្លូវជាតិលេខ១០ ដែល​គ្រោង​នឹង​ដាក់ឱ្យប្រើប្រាស់​សាកល្បង​នៅចុងខែមីនា ឆ្នាំ​២០២៥។

ស្ពាន​នេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់​ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុងនៅពាក់កណ្តាល​ឆ្នាំ២០២៥។

ដោយ​ឡែក​ចំពោះស្ពាន​មួយទៀត​ដែល​ប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ គឺ​ស្ពាន​ផ្សារចាស់-អរិយក្សត្រ ​គ្រោង​នឹងបើកការដ្ឋានសាងសង់​នៅឆ្នាំក្រោយនេះ​ផងដែរ។ នេះបើតាមការ​ថ្លែង​របស់​ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីសប្តាហ៍មុន។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ ខ្សែទី១នៃស្ពាន៖ ចាប់ពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាប ចូលទៅកាន់ជ្រោយចង្វារ និងខ្សែទី២នៃស្ពាន៖ ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គ ចូលទៅអរិយក្សត្រ។

សម្តេចតេជោ​សង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។

ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន សម្ដេចតេជោ​ថា ឯកឧត្តម​តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ សំភី