ខេត្តចំនួន ៧ ដែល​សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយជោគជ័យ

  • 2024-06-14 03:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ពេលនេះ មាន​ខេត្តចំនួន៧ ដែលសម្រេចបាន​នៃការបញ្ចប់​ការបន្ទោបង់​ពាសវាលពាសកាល​ដោយជោគជ័យ​ រួមមាន ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុ។ នេះបើតាមការថ្លែងរបស់​ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ក្នុងពិធីអបអរសាទរ​ខេត្តព្រះសីហនុ ដែល​ជាខេត្តទី៧ ទទួលបាន​ជ័យលាភី​បញ្ចប់ការបន្ទោបង់​ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកែលម្អលក្ខខណ្ឌការរស់នៅតាមរយការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកមិនមានសុវត្ថិភាព មកផឹកទឹកស្អាតមានអនាម័យ ជួយទ្រទ្រង់ដល់សុខភាព បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងការរស់នៅតាមរបៀបស៊ីវីល័យ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​បញ្ជាក់ក្នុងពិធីនេះថា ជ័យលាភីថ្ងៃនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គីភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី