៥ បទរបស់ តន់ ចន្ទសីម៉ា ក្នុង BLACK-RED Album អង្រួនចិត្តអ្នកស្តាប់ឱ្យញាប់ញ័រ អត់រាំតាមចង្វាក់ភ្លេងមិនបាន

  • 2024-06-17 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតដែលថ្មីៗកន្លងទៅនេះ គ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានទម្លាក់ចម្រៀងថ្មីចំនួន ៥ បទក្នុង BLACK-RED Album ដែលជាអាល់ប៊ុមចម្រៀងថ្មីរបស់នាងសម្រាប់កំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រទូទាំងប្រទេស។

រូបភាព៖​ MV ចម្រៀងរបស់ តន់ ចន្ទសីម៉ា

ចម្រៀង ៥ បទក្នុង BLACK-RED Album រួមមាន៖ «KOV» «LIT» «ALRIGHT» «Unlucky Day» និង «ទៅរួចអត់» ដែលចម្រៀងទាំងអស់នេះត្រូវបានបង្ហោះលើឆានែលយូធូប តន់ ចន្ទសីម៉ា / Ton Chanseyma ផ្ទាល់តែម្តង។

រូបភាព៖​ MV ចម្រៀងរបស់ តន់ ចន្ទសីម៉ា

តារាចម្រៀងរូបស្រស់នេះ មិនត្រឹមតែផ្លាស់ប្តូរស្ទីល៍តុបតែងខ្លួនបែបយុវវ័យប៉ុណ្ណោះទេ សូម្បីស្ទីល៍ច្រៀងក៏ត្រូវ update ឡើងកាន់តែល្អប្រសើរ។ ជាពិសេស អត្ថន័យ ខ្លឹមសារ ការប្រើប្រាស់សំនួនពាក្យចុងជួននៃចម្រៀងស្តាប់ទៅចាក់ចោតចិត្តយុវវ័យខ្លាំងមែនទែន។

បើនិយាយពីចង្វាក់ភ្លេងវិញ គឺអង្រួនចិត្តអ្នកស្តាប់គ្រប់បទ មិនថាបទនោះជាបទសេដក៏ តន់ ចន្ទសីម៉ា ធ្វើឱ្យអ្នកស្តាប់អាចរាំរំសាយអារម្មណ៍ឈឺចាប់នោះបានដែរ។

រូបភាព៖​ MV ចម្រៀងរបស់ តន់ ចន្ទសីម៉ា

ស្នាដៃចម្រៀងថ្មីទាំង ៥ បទ របស់តន់ ចន្ទសីម៉ា ក្នុង BLACK-RED Album ពិតជាពិសេសខ្លាំងណាស់ ដោយនាងបានពាំនាំរសជាតិថ្មីនៃចម្រៀងមកជូនទស្សនិកជន ជាមួយការតុបតែងប្លង់ថតបែបក្រហមខ្មៅ មើលទៅងងឹតៗ ត្រូវទៅនឹងឈ្មោះអាល់ប៊ុម ដែលនេះជាការបង្កើនរសជាតិបទចម្រៀងទាំងនេះឱ្យរឹតតែពីរោះខ្លាំងលើសការរំពឹងទុក។

តាំងពីចូលជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា តែងតែធ្វើឱ្យអ្នកគាំទ្ររំភើបជាមួយស្នាដៃចម្រៀងថ្មីរបស់នាង ដូចគ្នានឹងចម្រៀងទាំង ៥ បទក្នុង BLACK-RED Album ដែលមានអ្នកចុចស្តាប់រាប់លានដងលើឆានែលយូធូប និងលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង។

រូបភាព៖​ MV ចម្រៀងរបស់ តន់ ចន្ទសីម៉ា

មិនតែប៉ុណ្ណោះ ហ្វេនៗបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាលើបទចម្រៀងទាំងនោះ ដែលភាគច្រើនជាការលើកសរសើរពីសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់ សីម៉ា ដែលស្តាប់មិនចេះជីនណាយនោះឡើយ៕

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម
អត្ថបទថ្មី