ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភពអង្គរ​ នឹង​ជួយ​បង្កើន​ភ្ញៀវ​ទេសចរណ៍​ខេត្ត​សៀមរាប​ក្នុង​រដូវ​ភ្លៀង​នេះ​

  • 2024-06-20 04:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​ លើក​ទី៩​ នឹង​រួម​ចំណែក​បង្កើន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​លេង​ខេត្ត​សៀមរាប​ពិសេស​អំឡុង​ខែ​ភ្លៀង​នេះ​ដែល​ពុំ​សូវ​មាន​អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (កណ្ដាល)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ឲ្យ​ដឹង​ថា​ នៅ​រដូវ​ភ្លៀង​ ឬ​ហៅ​ថា​ Green Season​ នេះ​ក្នុង​ខេត្ត​សៀមរាប​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​នោះ​ឡើយ​ ដូច្នេះ​ប្រាក់ចំណូល​ និង​អាជីវកម្ម​ផ្សេង​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ។​

លោក សែម​ ផល្លា តំណាង​អ្នក​រៀបចំ​

ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​នេះ​នឹង​ជួយ​សេដ្ឋកិច្ច​ឲ្យ​ល្អ​ប្រសើរ​មួយ​កម្រិត​តាម​រយៈ​ការ​មក​ចូលរួម​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​លើ​សកលលោក។​ ហេតុ​នេះ​សូម​មហាជន​ទាំង​អស់​ចុះឈ្មោះ​ចូលរួម​រត់​កម្សាន្ត​ដើម្បី​ទស្សនា​ទេសភាព​ខៀវស្រងាត់​ដ៏​ស្រស់​ស្អាត​ក្នុង​រដូវ​នេះ​ផង​ ដើម្បី​ភាព​សប្បាយ​រីករាយ​ជា​មួយ​ក្រុម​គ្រួសារ​ផង​ និង​លើកស្ទួយ​សេដ្ឋកិច្ច​ ទេសចរណ៍​ ខេត្ត​សៀមរាប​ផង។​

ទិដ្ឋភាព​ព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ តាម​រយៈ​សន្និសីទ​សារព័ត៌មាន​របស់​ NOCC​ ព្រឹក​មិញ​នេះ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​ លើក​ទី៩ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​សៀមរាប។​ វិញ្ញាសា​រួម​មាន​ ៤២Km ២១Km ១០Km និង​ ៣Km។​ ប្រសិន​បើ​បងប្អូន​ចាប់​អារម្មណ៍​ និង​ចង់​ចុះឈ្មោះ​ចូលរួម​រួសរាន់​ឡើង​ដើម្បី​ក្រុម​ការងារ​រៀបចំ​សម្ភារ​ដូច​ជា​ ស្លាក​លេខ​ អាវ​ មេដាយ​ កាបូប​ ជា​ដើម។​ ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ Cambodia Events Organizer ឬ​លេខ​ 015​ 213 525/069 213 525៕​

អត្ថបទ៖ នួន ស៊ីណា​