BYD នឹង​បើក​រោងចក្រ EV ​ដំបូងគេ​នៅកម្ពុជា ក្រោយ​ប្រកាស​​ដំឡើង​ស្ថានីយសាកភ្លើងប្រមាណ ២០០ទីតាំងទូទាំងប្រទេស

  • 2024-06-28 03:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ថ្លែង​ឱ្យដឹង​ក្នុងពិធីសំណេះសំណាលមួយ​កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២៤ថា ក្រុមហ៊ុន​រថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺ BYD គ្រោង​នឹងបើក​រោងចក្រ​ផលិតរថយន្ត​នៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។

ដូច្នេះ BYD អាច​ជាក្រុមហ៊ុនដំបូងគេ ដែលបើក​រោងចក្រ​រថយន្តអគ្គិសនីនៅកម្ពុជា ខណៈ​ដែលក្រុមហ៊ុនចិនមួយនេះ បានបង្ហាញពីគម្រោង​ដំឡើងស្ថានីយសាកភ្លើង​សម្រាប់​ EV ប្រមាណ ២០០ទីតាំង នៅទូទាំង​ប្រទេសកម្ពុជា នាពេលកន្លងមក។

ថ្មីៗនេះ ក៏មាន​ក្រុមហ៊ុនចិនឈ្មោះ Jilin Jiqi Longshan Light Vehicle Co., Ltd បានបង្ហាញពីគោលបំណង​​វិនិយោគ​លើការដំឡើង​រថយន្តដឹកជញ្ជូនធុនតូច​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈាន​ដល់ការនាំចេញ​ថែមទៀត​នាពេលអនាគត​ផងដែរ។

សូមជម្រាប​ថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ​ដំឡើងរថយន្តចំនួន ៦ហើយ រួមមាន៖

១. រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។

២. រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។

៣. រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។

៤. រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។

៥. រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល។

៦. រោងចក្ររបស់​ក្រុមហ៊ុន Toyota Tsusho នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដំឡើងរថយន្ត Toyota Fortuner និង Hilux សម្ពោធជាផ្លូវការកាលពីដើមខែឧសភា ឆ្នាំ​២០២៤៕

អត្ថបទ៖ សំភី

អត្ថបទថ្មី