ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាព ស្របពេល វណ្ណដា កំពុងនាំតន្ត្រីខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ

  • 2024-06-28 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាព លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងធ្វើឱ្យកក្រើកវិស័យសិល្បៈខ្មែរទាំងមូល ដែលនេះជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។

យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក សមាគមសិល្បករខ្មែរ បានឱ្យដឹងថា លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

រូបភាព៖ ហ្វេសប៊ុក សមាគមសិល្បករខ្មែរ

ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ធ្វើឱ្យប្រជាជនទូទាំងប្រទេសសោកស្តាយជាពន់់ពេក ព្រោះនេះជាការបាត់បង់ធនធានដ៏សំខាន់ និងជាមរតកមនុស្សរស់របស់កម្ពុជា។

រឹតតែគួរឱ្យសោកស្តាយជាងនេះទៀតនោះ មរណភាពរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ស្របពេលដែលតារាចម្រៀងរ៉េប វណ្ណដា កំពុងតែពាំនាំតន្ត្រីខ្មែរទៅបង្ហាញលើឆាកអន្តរជាតិក្នុងមហោស្រពប្រគំតន្ត្រី Sabaidee Fest នៅសហរដ្ឋអាមេរិក។ ក្នុងនោះ វណ្ណដា ក៏បានលើកយកបទ «Time To Rise» ដែលជាស្នាដៃចម្រៀងដ៏ល្អឯកគ្មានពីររវាងលោក និងលោកតា គង់ ណៃ ទៅអង្រួនឆាកមហោស្រពប្រគំតន្ត្រី Sabaidee Fest ផងដែរ។

រូបភាព៖ ហ្វេសប៊ុក Vann Da - វណ្ណដា

នេះពិតជារឿងដ៏ឱ្យសោកស្តាយពន់ពេក ដែលកំលោះអ្នកខេត្តព្រះសីហនុកំពុងនាំយកសម្លេងចាប៉ីដ៏មានឥទ្ធិពលរបស់លោកតា គង់ ណៃ ទៅចែកចាយឱ្យពិភពលោកបានស្គាល់ និងដឹងឮ បែរជាម្ចាស់សម្លេងត្រូវលាចាកពីលោកនេះគ្មានថ្ងៃវិលត្រឡប់ឡើយ។

គួររំឮកផងដែរថា កាលពីឆ្នាំ២០២១ តារារ៉េបវ័យក្មេងកំពុងមានឥទ្ធិពលនៅកម្ពុជា វណ្ណដា បានសាងស្នាដៃចម្រៀងដ៏ល្អអស្ចា្យគ្មានពីរជាមួយលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ចំណងជើងថា «Time To Rise»។

រូបភាព៖ ហ្វេសប៊ុក Vann Da - វណ្ណដា

អំឡុងឆ្នាំ២០២២ បទ «Time To Rise» បានបំបែកកំណត់ត្រាមានអ្នកចុចចូលទស្សនា ១០០លានដង លើឆានែលយូធូបផ្លូវការ វណ្ណដា-VannDa Official។ បទនេះមិនត្រឹមតែល្បីសុះសាយក្នុងប្រទេសកម្ពុជា តែឥទ្ធិពលនៃសម្លេងលោកតា គង់ ណៃ និង វណ្ណដា បានធ្វើឱ្យអ្នកស្តាប់បទនេះព្រឺរោមខ្ញាក់ៗ រហូតពិភពលោកងាកមកចាប់អារម្មណ៍ពីភាពរីកចម្រើននៃតន្ត្រីនិងសិល្បៈខ្មែរយើង។

ទៀតសោត វណ្ណដា ធ្លាប់បានសម្តែងបទចម្រៀង «Time To Rise» ជាលើកទី១ ជាមួយលោកតា គង់ ណៃ ក្នុង «ពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២» នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

រូបភាព៖ ហ្វេសប៊ុក

គេជឿជាក់ថា តារារ៉េបវ័យ២៧ឆ្នាំរូបនេះ ច្បាស់ជាតក់ស្លុតខ្លាំងពេលឮដំណឹងមរណភាពរបស់លោកតា គង់ ណៃ ព្រោះកន្លងមកលោក និងក្រុមការងារធ្លាប់បានចុះទៅសួរសុខទុក្ខលោកតាផ្ទាល់ដល់គេហដ្ឋាននៅស្រុកកំពង់ត្រាច ខេត្តកំពត ពេលទទួលដំណឹងថា លោកតាធ្លាក់ខ្លួនឈឺ។

រូបភាព៖ ហ្វេសប៊ុក Vann Da - វណ្ណដា

គួរឱ្យសោកស្តាយដែលពេលនេះ វណ្ណដា កំពុងបំពេញបេសកម្មដ៏សំខាន់នៅសហរដ្ឋអាមេរិកនៅឡើយ។ តាមគម្រោង វណ្ណដា និង វណ្ណថាន មានការសម្តែងមួយទៀតនៅ Showbox SoDo in Seattle, WA មុនពេលអ្នកទាំងពីរធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ៕

រូបភាព៖ ហ្វេសប៊ុក Baramey Production

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី