ឯកឧត្តម គួច ចំរើន មកដល់ខេត្តកណ្តាលហើយ និងពោលថា «ការងារច្រើនកន្លែង ថ្មីរហូត ហត់បន្តិចមែនតែបទពិសោធន៍ច្រើន»

  • 2024-07-01 01:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន បាន​មកដល់ខេត្តកណ្តាលហើយ ដើម្បីចូលកាន់តំណែង​ជាអភិបាលខេត្តកណ្តាល ក្រោយត្រូវបាន​ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​តែងតាំង​ កាលពីសប្តាហ៍មុន។

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៤នេះ ឯកឧត្តម បានបង្ហោះ​រូបថត​មួយសន្លឹកដែល​ឈរនៅមុខសាលាខេត្តកណ្តាល និងបាន​សរសេររៀបរាប់យ៉ាងដូច្នេះថា៖

«អ្នកកណ្តាល​ សុំផ្ញេីរខ្លួននិងការងារជោគជ័យផង។ ក្នុងរយៈពេល១០ឆ្នាំ​ខ្ញុំបានប្តូរការងារ៦កន្លែង​ ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម​-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។ ការងារច្រេីនកន្លែង​ ថ្មីរហូត​ហត់បន្តិចមែនតែបទពិសោធន៍ច្រេីន មិត្តភ័ក្រ្តក៏ច្រេីន​ ទំនាក់ទំនងក៏ច្រេីន​​ ស្គាល់សង្គមនិងមនុស្សក៍ច្រេីន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម​ និងក្តីនឹករលឹក។»

កាលពី​ថ្ងៃសៅរ៍កន្លងទៅ ឯកឧត្តម គួច ចំរើន ក៏បាន​បង្ហោះរូបនៅ​កន្លែង «ខ្មែរធ្វើបាន» ក្នុងខេត្តព្រះសីហនុ ហើយក៏បាន​សរសេរដែរថា «ទីនេះ កាលចាប់ផ្តើម​ពិតជាលំបាក»។

គួររំលឹកថា ឯកឧត្តម គួច ចំរើន បាន​កាន់តំណែងជាច្រើនរួមមាន៖ អភិបាលរងខណ្ឌចំការមន (១៩៩៩-២០០៤) , អភិបាលខណ្ឌមានជ័យ​(២០០៤-២០១៤), អភិបាលខណ្ឌដូនពេញ (២០១៤-២០១៦), អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (២០១៦-២០១៧), អភិបាលខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩) និងអភិបាលខេត្តព្រះសីហនុ (ខែមិថុនា ឆ្នាំ២០១៩-ខែមិថុនា ឆ្នាំ​២០២៤)៕

អត្ថបទ៖ សំភី