មិន​ខ្លាច​នឿយហត់​ កូន​ខ្មែរ​រូប​នេះ​ជិះម៉ូតូឆ្លងកាត់ ២២ ប្រទេសផ្សព្វផ្សាយវប្បធម៌ខ្មែរ​ទៅកាន់ពិភពលោក

  • 2024-07-02 03:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន BMW Club កម្ពុជា លោក អ៊ុ ប៊ុនរ៉េត នឹង​ចាប់​ផ្តើម​ដំណើរ​ដ៏​អស្ចារ្យជិះម៉ូតូ BMW ​ម្នាក់​ឯងឆ្លងកាត់ ២២ ប្រទេស​នៅតំបន់អ៉ឺរ៉ុបដើម្បីផ្សព្វផ្សាយ​អរិយធម៌ វប្បធម៌ សម្បូរបែបរបស់ខ្មែរទៅកាន់ពិភពលោក និងស្វែងរកថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា។

លោក អ៊ុ ប៊ុនរ៉េត

លោក អ៊ុ ប៊ុនរ៉េត បាន​ឲ្យ​ដឹង​ថា​ ដំណើរ​កម្សាន្ត​ខាងលើ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី៥​ ខែកក្កដា​ ឆ្នាំ ២០២៤ នាវេលាម៉ោង៧ព្រឹក​ ពីទីក្រុង Munich ប្រទេសអាល្លីម៉ង់ ដែលជាទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន BMW និង BMW Motorrad Days នឹងបញ្ចប់នៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីដ៏ធំ Oktoberfest Cambodia ។

សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​ BMW​ កន្លង​ទៅ​

ប្រធាន BMW Club រូបនេះ បន្ថែមថា ការធ្វើដំណើរនេះគឺបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងប្រទេសអាឡឺម៉ង់ និងកម្ពុជាប៉ុណ្ណោះទេ ក៏មានគោលបំណងចម្បងមួយទៀតគឺជួយដល់មូលនិធិគន្ធបុប្ផាដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមាររាប់លាននាក់ក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះការជិះនេះក៏មានគោលបំណងដើម្បីបញ្ជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសមានសុខសន្តិភាពពេញលេញពោរពេញទៅដោយក្តីស្រលាញ់ និងរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរណ៍មកពីអឺរ៉ុប និងពិភពលោក។

សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​ BMW​ កន្លង​ទៅ​

កូន​ខ្មែរ​វ័យ ៤៤ ឆ្នាំរូបនេះក៏​ធ្លាប់​បានដឹកនាំក្លឹប BMW ក្នុងឆ្នាំ ២០១៦ ធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនជាមួយម៉ូតូ BMW របស់​លោក​តាមផ្លូវរាប់ពាន់គីឡូម៉ែត្រដោយជួបប្រទះនឹងស្ថានភាព និងអាកាសធាតុផ្សេងៗដើម្បីផ្សព្វផ្សាយពីកម្ពុជា និងជិះម៉ូតូដើម្បរៃអង្គាសប្រាក់សម្រាប់មូលនិធិគន្ធបុប្ផាដើម្បីរួមចំណែកជួយអនាគតកូនខ្មែរ។

សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​ BMW​ កន្លង​ទៅ​

លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរំភើបរីករាយ និងគាំទ្រលោក អ៊ុ ប៊ុនរ៉េត ក្នុងការបំផុសគំនិតបង្កើតព្រឹត្តិការណ៍នេះ។ វាឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំង ២ និងបង្ហាញពីសារៈសំខាន់ភាពជាដៃគូ សាមគ្គីភាព មិត្តភាពអន្តរជាតិ និងការងារសប្បុរសធម៌។

គួរបញ្ជាក់ថា ការជិះម៉ូតូខាងលើនេះទទួលបានការគាំទ្រពីប្រទេសអាល្លឺម៉ង់ សហគមន៍អ្នកធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (GBC) ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបជួយឧបត្ថម្ភដល់ការជិះរបស់លោក ប៊ុនរ៉េត ឬបរិច្ចាគដល់មូលនិធិគន្ធបុប្ផាសូមចូលទៅកាន់ https://www.BmwMotorcycleClubCambodia.com៕​

សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​ BMW​ កន្លង​ទៅ​

អត្ថបទ៖ នួន ស៊ីណា​