Honda ប្រកាសឈប់ផលិត​ម៉ូតូអាគុប៥០ ទៀតហើយ

  • 2024-07-02 08:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាស​កាលពីចុងខែមិថុនាកន្លងទៅថា ខ្លួន​នឹង​បញ្ឈប់ការផលិតម៉ូតូ Honda Super Cub (ឬអាគុប) ៥០សេសេ ទៀតហើយ ចាប់ពីខែវិច្ឆិកា ឆ្នាំ​២០២៥តទៅ។

ការ​សម្រេចចិត្ត​នេះ ធ្វើឡើង​ដើម្បីស្របតាម​ច្បាប់នៃការរឹតបន្តឹង​ការបញ្ចេញ​ផ្សែងរបស់​ប្រទសជប៉ុន សម្រាប់ម៉ូតូ។ ហេតុនេះទើបធ្វើឱ្យ Honda មានការពិបាក ឬត្រូវចំណាយ​ច្រើនទៅលើ​ការឌីហ្សាញ​ប្រព័ន្ធបញ្ចេញផ្សែងរបស់​ម៉ូតូម៉ាស៊ីនតូចបែបនេះ។

ខណៈការប្រើប្រាស់​ម៉ូតូអគ្គិសនី មានការកើនឡើង​ច្រើន ធ្វើឱ្យម៉ូតូម៉ាស៊ីនតូចៗ មានការលក់ធ្លាក់ចុះ។ ជាក់ស្តែង​ការលក់​ម៉ូតូអាគុប៥០សេសេនេះ ក្នុងឆ្នាំ​២០២៣ មានចំនួនត្រឹមតែ ៩២ ៨២៤គ្រឿងប៉ុណ្ណោះ ដែលទាបជាងឆ្ងាយពីចំណុចកំពូល ២,៧៨លានគ្រឿង ក្នុងឆ្នាំ​១៩៨២។ យ៉ាងណាក៏ដោយ Honda នៅតែមានចំណែកទីផ្សារម៉ូតូ ៨០% ក្នុងប្រទេសជប៉ុន។

គួររំលឹកថា ម៉ូតូ Honda Super Cub 50 បានបង្ហាញខ្លួន​ជាលើកដំបូង​ក្នុងឆ្នាំ​១៩៥៨។ Honda បានសម្រេច​ការលក់ម៉ូតូម៉ូឌែលអាគុប៥០សេសេនេះ រហូតដល់ ១០០លានគ្រឿង នៅទូទាំងពិភពលោក ដែលជាម៉ូឌែលម៉ូតូលក់ដាច់បំផុត​ក្នុងប្រវត្តិសាស្រ្ត។

បើទោះបីជាម៉ូតូអាគុប៥០ នឹងត្រូវចូលនិវត្តន៍មែន ប៉ុន្តែម៉ូតូអាគុបម៉ាកផ្សេងទៀតដូចជា Cub CT 125 គឺ​នៅតែបន្តផលិតដដែល៕

អត្ថបទ៖ សំភី