Man Utd ជិត​ទិញ​បាន​ខ្សែ​ការពារ​ចំណាន​ម្នាក់​ពី Bayern

  • 2024-07-03 11:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ខិត​កាន់​តែ​ជិត​ក្នុង​ការ​ចរចា​ជាមួយ Bayern Munich រឿង​ផ្ទេរ​ចូល​ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់​វ័យ ២៤ ឆ្នាំ Matthijis de Ligt។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sport បាន​ឲ្យ​ដឹង​ថា ភាគី​បិសាច​ក្រហម និង Bayern កំពុង​ចរចា​គ្នា​ទាក់ទង​នឹង​ការ​ផ្ទេរ​ចូល De Ligt ហើយ​អារម្មណ៍​នៃ​ការ​ចរចា​មាន​ភាព​វិជ្ជមាន​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​តាម​ប្រភព​ដដែល Bayern ចង់​បាន​តម្លៃ​ផ្ទេរ​ប្រមាណ ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

សេចក្ដី​រាយការណ៍​ចុង​ក្រោយ​របស់ Sky Sport បាន​រំលេច​ថា De Ligt ខ្លួន​ឯង ក៏​ចង់​ចូល​រួម​ជាមួយ​បិសាច​ក្រហម​ផង​ដែរ។ នេះ​ធ្វើ​ឲ្យ​ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ហើយ​អាច​នឹង​ព្រម​ព្រៀង​គ្នា​នា​ពេល​ឆាប់ៗ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ យោង​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន De Ligt អាច​នឹង​ចុះ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​បិសាច​ក្រហម។

ជា​រឿយៗ អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម លោក Erik Ten Hag តែង​លើក​ឡើង​ថា តំបន់​ការពារ​របស់​ក្រុម​លោក នៅ​មាន​កម្រិត ហើយ​ត្រូវ​ការ​កីឡាករ​ល្អ​ដើម្បី​មក​បំពេញ​បន្ថែម។ De Ligt គឺ​ជា​កីឡាករ​មួយ​រូប​ ស្ថិត​ក្នុង​បញ្ជី​ផ្ទេរ​ចូល​របស់​លោក Ten Hag ជា​យូរ​មក​ហើយ ព្រោះ​លោក​ធ្លាប់​ដឹកនាំ​ និង​ធ្វើ​ការ​ជាមួយ​កីឡាករ​រូប​នេះ កាល​អំឡុង​ពេល​លោក​នៅ​ជា​អ្នក​ចាត់​ការ​ក្លឹប Ajax។

De Ligt គឺ​ជា​ខ្សែ​ការពារ​ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​សរសើរ​ថា ជា​កីឡាករ​ដ៏​ចំណាន​វ័យ​ក្មេង​មួយ​រូប។ កីឡាករ​ចាប់​ផ្ដើម​ឡើង​ទម្រង់​លេង​នៅ​ពេល​ឲ្យ Ajax ពី​ឆ្នាំ ២០១៦ ដល់ ២០១៩។ ក្រោយ​មក​ De Ligt បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Juventus រយៈ​ពេល​ ៣ រដូវ​កាល រួច​ក៏​ផ្លាស់​មក​ Bayern Munich កាល​ពី​ឆ្នាំ ២០២២។ ពេល​លេង​នៅ​អាល្លឺម៉ង់ កីឡាករ​លេង​សរុប ៧៣ ប្រកួត និង​ស៊ុត​ចូល​ ៣ គ្រាប់​ឲ្យ​ Bayern ក្នុង​រយៈ​ពេល​ជាង ២ រដូវ​កាល​កន្លង​មក​នេះ៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល