ក្រុមលីណា កំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្របាល់ទះនៅកម្ពុជា

  • 2024-07-04 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះថ្មីថ្មោងមួយបាននឹងកំពុងបង្ហាញសមត្ថភាព​យ៉ាងល្អក្នុងការប្រកួតបាល់ទះក្រៅផ្លូវការ ឬបាល់ទះស៊ីលុយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះការគាំទ្រ។ តើក្រុមរបស់គេមានឈ្មោះអ្វី? កត្តាអ្វី​ខ្លះ​ធ្វើឲ្យក្រុមមួយនេះទទួលបានការកោតសរសើរពីមហាជនបែប​នេះ​?

លីណា ពាក់អាវលេខ៩

តាមពិតទៅក្រុមថ្មីថ្មោងមួយនេះមិនទាន់មានឈ្មោះជាក្រុមអ្វីនៅ​ឡើយទេ​ ដោយគ្រាន់តែដឹងថាកីឡាករ ហាក់ លីណា ជាប្រធានក្រុម ដូច្នេះគេគ្រប់គ្នាហៅឈ្មោះ​ក្រុម​មួយ​នេះ​ថាក្រុមលីណាក្រុម​លីណា ដែលមានសមាជិកដូចជាស្មាត់​ស្ដាំ ហាក់ លីណា, អ្នកប៉ះសេឆ្នើម បូរី ឆៃដែនលីប្រូ និងស្មាត់​ស្ដាំសេវាល្អ​ ស៊ុក សីហា។ មែនទែនទៅពួកគេ សុទ្ធតែជាកីឡាកររបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយពួកគេតែងបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតបាល់ទះស្តង់ដារដូចជាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង, តេជោលីគ និងពានរង្វាន់៤ស្មើទូទាំងប្រទេស Wurkz Special Volleyball Cup 4x4 ជាដើម។ នេះជាមោទនភាពមួយសម្រាប់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលមានកីឡាករចេញលេងក្រៅផ្លូវការ លេងបែបស្តង់ដារ មិនធ្វើឲ្យប៉ះពាល់ដល់វិស័យបាល់ទះកម្ពុជា មិនដូចកីឡាករក្លឹបអាជីពមួយចំនួនឡើយ។

ងាកមកក្រុមលីណាវិញ តត្តាដែលធ្វើឲ្យក្រុមមួយនេះទទួលបានការគាំទ្រច្រើនដោយសារពួកគេនៅវ័យក្មេង សមត្ថភាពល្អ លេងវ៉ៃបោះ លេងមាញ់ម្រាមស្តង់ដារល្អ។ នេះហើយដែលជាបាល់ទះ ជាអ្វីដែលប្រជាជនកម្ពុជាចង់បាន ជាអ្វីដែលអ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជាចង់ឃើញ។

ជាក់ស្ដែងថ្មីៗនេះក្រុមលីណា បានសាកសមត្ថភាពជាមួយនឹងក្រុម ឃុន ម៉ាណត់ ឬប្រិយមិត្តស្គាល់ថា ប៊ូខាវ នៅតារាងបាល់ទះ Laliga Sport Sensok។ ការប្រកួតប្រព្រឹតទៅពីរសិតយ៉ាងជក់ចិត្ត ចាញ់ឈ្នះម្នាក់មួយសិត។ ក្រុមទាំងពីរទទួលបានការគាំទ្រជាខ្លាំងដោយសារពួកគេលេងវ៉ៃបោះ មិនស្អិតជាប់ដៃ មិនបោករញ៉េរញ៉ៃនាំឲ្យខូចគុណផលកីឡាករនិងតម្លៃបាល់ទះ។

ក្រុម ឃុន ម៉ាណត់ ហៅ ប៊ូខាវ

គួរបញ្ជាក់ថាបច្ចុប្បន្ននេះការលេងបាល់ប៉ះសេជាប់ដៃជាជំងឺដ៏រ៉ាំរ៉ៃក្នុងវិស័យបាល់ទះកម្ពុជា ចំណែកសហព័ន្ធកីឡាបាល់ទះកម្ពុជាបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលុបបំបាត់ តាមរយៈការអំពាវនាវនិងការបង្កើតព្រឹត្តិការណ៍នានាដូចជា​បាល់ទះ៤ស្មើទូទាំងប្រទេសតាមភូមិភាគជាដើម៕

អត្ថបទ៖ Um Sopheak

អត្ថបទថ្មី