ជូវី សមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធ និងផលិតចម្រៀង សូម្បី កៅ សុភា ក៏សរសើរចំៗ!

  • 2024-07-04 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមមួយពព្រិចភ្នែកសោះ តារាចម្រៀងរូបសង្ហា ជូវី លីន និងតារាចម្រៀង កៅ សុភា បានប្រែខ្លួនមកជាសិល្បករឯករាជ្យ ក្រោយប្រកាសចប់កុងត្រាជាតារាចម្រៀងប្រចាំផលិតកម្ម បារមី កាលពីពេលថ្មីៗកន្លងទៅ។

ជូវី និង សុភា បានចាប់ផ្តើមដំណើរផ្លូវជាសិល្បករឯករាជ្យរៀងៗខ្លួនក្រោមការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្ររបស់ពួកគេ។ ក្នុងនោះ ជូវី បានទម្លាក់ស្នាដៃចម្រៀងថ្មីបន្តបន្ទាប់ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ ដោយបទទី១ ចំណងជើងថា «តែម្ខាង» និង «អត់ទេ» ជាស្នាដៃចម្រៀងថ្មីទី២របស់លោក ដែលទើបទម្លាក់ក្តៅៗលើឆានែល JUVIE នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

រូបភាព​៖ ហ្វេសប៊ុក Juvie

ចម្រៀងតែងនិពន្ធថ្មីរបស់កំលោះសង្ហានិយមសិល្បៈសាក់លើដងខ្លួនរូបនេះ ទទួលការគាំទ្រខ្លាំងមិនធម្មតាពីមិត្តយុវវ័យ ដែលសំនៀងរបស់លោកជ្រាបចូលយ៉ាងជ្រៅក្នុងដួងចិត្តរបស់អ្នកស្តាប់គ្រប់រូប។ មិនមែនតែអ្នកគាំទ្រ សូម្បីតែ កៅ សុភា ជាមិត្តរួមទ្រនំចាស់ និងជាដៃគូធ្លាប់ផលិតចម្រៀងរួមគ្នាក៏ស្ងើចសរសើរសមត្ថភាពរបស់ ជូវី ផងដែរ។

ជាក់ស្តែង គ្រាន់តែឃើញ end credit បទ «អត់ទេ» អណ្តែតសុទ្ធតែឈ្មោះ ជូវី ធ្វើឱ្យ សុភា លាន់មាត់លើ caption ថា «បងដៃ២០ធ្វើeverythingខ្លួនឯង មើលcreditហើយសុំខ្លាច សុំគោរពលាមេ» ព្រោះវាបង្ហាញពីការលះបង់ ការខិតខំប្រឹងប្រែង និងការចំណាយពេលក្នុងការផលិតបទថ្មីនេះ។

ការបង្ហោះរបស់ កៅ សុភា

ហ្វេនៗជាច្រើនបានយល់ស្របតាមការលើកឡើងរបស់ សុភា ដែលមើលឃើញថា ជូវី ពិតជាមានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធ និងផលិតចម្រៀង ដោយលោកស្ទើរតែធ្វើគ្រប់យ៉ាងម្នាក់ឯងទៅហើយ។

ស្របពេលដែល សុភា សរសើរការខិតខំរបស់ ជូវី ចំៗ ក៏មានហ្វេនប្រាប់ទៅតារាស្រីរូបនេះថា ពួកគេរបស់តាមវេនរបស់ សុភា ម្តង ព្រោះនាងនៅពុំទាន់មានស្នាដៃទោលណាមួយមកកំដរអារម្មណ៍ហ្វេនៗនោះឡើយ ចាប់តាំងពីប្រកាសខ្លួនជាសិល្បករឯករាជ្យមក។

រូបភាព​៖ ហ្វេសប៊ុក Sophia Kao

ទោះបីពេលនេះ សុភា និង ជូវី ពុំមែនជាសិល្បករក្រោមដំបូលតែមួយទៀតក៏ពិតមែន តែទំនាក់ទំនងអ្នកទាំងពីរនៅតែល្អចំពោះគ្នា ហើយគេតែងឃើញសិល្បករទាំងពីរជួយលើកទឹកចិត្តគ្នាក្នុងដំណើរផ្លូវជាសិល្បករឯករាជ្យទៀតផង។

រូបភាព​៖ ហ្វេសប៊ុក Sophia Kao

គេចាំបានថា សិល្បករពោរពេញដោយសមត្ថភាពទាំង ២រូប មានអនុស្សាវរីយ៍ជូរចត់ច្រើនអំឡុងពេលរួមការងារជាមួយគ្នានៅក្នុងអតីតផលិតកម្ម ថែមទាំងធ្លាប់ថត MV ចម្រៀងជាមួយគ្នាទៀតផង។ ថ្មីៗកន្លងទៅ សិល្បករទាំង ២រូប បានបញ្ចេញស្នាដៃចម្រៀងរួមគ្នាថ្មីមួយ ចំណងជើងថា «Needed» ជាចំណងដៃដល់ប្រិយមិត្តអ្នកគាំទ្រពួកគេផងដែរ៕

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី