ការសម្រេចដ៏លំបាក! ម្ខាងម្ដាយ ម្ខាងនារីជាទីស្រឡាញ់ បេះដូង Nine ពេលនេះស្ទើរលាយទៅហើយ

  • 2024-07-05 02:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងគ្រប់យ៉ាងគ្មានអ្នកណាស្មានដល់ឡើយ ទើបសាងអនុស្សាវរីយ៍ល្អនឹងគ្នាកាលពីខែឧសភា នៅប្រទេសស្វីស ត្រឡប់មកវិញ តារាសម្ដែង Nine Naphat និង Baifern Pimchanok ក៏ត្រូវឈានដល់ការសម្រេចបែកគ្នា។

ជាក់ស្ដែងនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ Nine បាន​បើកសន្នីសិទកាសែតមួយ ដើម្បី​ប្រកាសជាសាធារណ​ៈថា លោក​ និង Baifern បាន​ថយក្រោយមួយជំហានម្នាក់ ក្លាយមកត្រឹមមិត្តភ័ក្តវិញហើយ។

លោកបាន​បន្ថែមថា៖ «ពួកយើងមិនបានខឹងគ្នាទេ យើងមានចេតនាល្អចំពោះគ្នា...ហើយក៏មិនមែនមកពីមានជនទី៣ឯណាដែរ។ ខ្ញុំពុំស្ដាយនូវអ្វីដែលបាន​កើតឡើងទេ ក្នុងបេះដូងខ្ញុំគាត់នៅតែជានារីដ៏អស្ចារ្យជានិច្ច!...មួយវិញទៀតគ្រប់គ្នាបន្ទោសមកពីម៉ាក់ខ្ញុំ ប៉ុន្តែខ្ញុំសូមនិយាយថា គ្រប់យ៉ាងមិនមែនជាកំហុសអ្នកណាទេ អ្នកដែលខុសគឺខ្ញុំ ដោយសារខ្ញុំមិនបានគ្រប់គ្រងទំនាក់ទំនងនេះឲ្យបានល្អ»

ទោះជាយ៉ាងណា Nine នៅតែរក្សាជំហរគោរព Baifern ជានិច្ច «Baifern ពិតជាគួរឲ្យស្រឡាញ់! គាត់តែងតែគិតអារម្មណ៍គេជាងខ្លួនឯងទៅទៀត។ គាត់ជាមនុស្សអស្ចារ្យម្នាក់ ដែលតែងតែមានបេះដូងស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា»

ដំណឺងនៃការចែកផ្លូវគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រសោកសៅពេកទៅហើយ ប៉ុន្តែកាន់តែមាន​អាណិត Nine ខ្លាំងឡើង ពេលឃើញតារាប្រុសរូបនេះ យំកណ្ដាលហ្វូងអ្នកសារព័ត៌មាន បន្ទាប់ពីចុះពីវេទិកាសន្និសីទកាសែត។

ទាក់ទងនឹងការបែកគ្នាពេលនេះ មនុស្ស​ជា​ច្រើន​បាន​រិះ​គន់​ម្ដាយ​របស់​ Nine ចំពោះ​ការ​មិន​ «រៀន​ទទួល​ស្គាល់​ថា​កូន​ប្រុស​របស់​ខ្លួន​ធំហើយ» ហើយកូនក៏មានជីវិតរបស់កូន និងចង់ស្វែងរកក្ដីសុខជីវិតគូដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួក​គេ​ក៏គោរព​ការ​សម្រេច​ចិត្ត​របស់​តារា​សម្ដែងរូបនេះដែរ៕

អត្ថបទ៖ ធារី