៦ឆ្នាំទៀត! ក្នុង​ចំណោម​រថយន្ត ៣គ្រឿងដែល​បានលក់ គឺមាន​១គ្រឿងហើយ​ជារថយន្តចិន

  • 2024-07-08 03:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ​២០៣០​ខាងមុខ រថយន្តចិន​នឹងគ្របដណ្តប់​ទីផ្សារពិភពលោក​ប្រមាណ ១ភាគ៣ ពោលគឺជារៀងរាល់រថយន្ត ៣គ្រឿងដែលលក់ចេញ ក្នុងនោះ​គឺនឹង​មាន១គ្រឿងហើយ​ដែលជា​រថយន្ត​ចិន។ នេះ​បើតាម​ការព្យាករ​របស់​ក្រុមហ៊ុន​ជំនាញ​ឧស្សាហកម្ម​រថយន្ត Alixpartner។

បច្ចុប្បន្ន​ រថយន្តចិន​ មានចំណែក ២១% នៃទីផ្សាររថយន្តសកល។ Alixpartner ជឿជាក់​ថា ការលក់រថយន្ត​ប្រេនចិន នៅក្រៅប្រទេសចិន នឹងកើនឡើងពី ៣លានគ្រឿងក្នុងឆ្នាំ​២០២៤នេះ ដល់ចំនួន ៩លានគ្រឿង នៅត្រឹមចុងទសវត្សរ៍នេះ។

ជាមួយគ្នានោះ ដោយសារតែការដំឡើងពន្ធ​ ១០០% របស់​អាមេរិក​ លើរថយន្តនាំចូលពីចិន នោះនឹង​ធ្វើឱ្យក្រុមហ៊ុនចិន បង្កើនទីផ្សារ​របស់​ពួកគេ​នៅអឺរ៉ុបរហូតដល់ ១២% នៅអឺរ៉ុប ត្រឹមឆ្នាំ​២០៣០ និង​រុស្ស៊ី ពី ៣៣% ទៅ ៦៩%។ រីឯការលក់​រថយន្តចិន​នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក រំពឹងថានឹងកើនឡើងពី ៨% ដល់ ៣៩% ខណៈនៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង បង្កើនពី ៧% ដល់ ២៨%។

បើតាម Alixpartner ក្រៅពីតម្លៃសមរម្យ និងធូរថ្លៃហើយនោះ ចំណុចពិសេសរបស់​រថយន្តចិនមួយទៀត គឺការអភិវឌ្ឍរថយន្តថ្មីៗ លឿនជាង២ដង នៃរថយន្ត​លោកខាងលិច។ ក្រុមហ៊ុនចិន បានផ្តោតការស្រាវជ្រាវ និងអភិវឌ្ឍមុខងារ​ដែលអតិថិជន អាចទទួលបានបទពិសោធន៍ជាក់ស្តែង ដូចជា ការឌីហ្សាញ​ក្នុងកាប៊ីន និងបច្ចេកវិទ្យា។ ចំណុចទាក់ទាញ​ចិត្តអ្នកប្រើប្រាស់មួយទៀត គឺ​ក្រុមហ៊ុនចិន ស្វែងរកការបង្កើត​រោងចក្រក្រៅប្រទេស ដែល​ធ្វើឱ្យរថយន្តដែលដំឡើង​ក្នុងប្រទេសនោះ មានតម្លៃកាន់តែធូរថ្លៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី