គ្រឿង​ចក្រ និងឧបករណ៍សម្ភារៈ ត្រៀមរួចរាល់សម្រាប់​សង់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់មហាវិថី ស៊ី ជីនពីង និង​ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

  • 2024-07-08 04:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២៤ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលតភ្ជាប់​មហាវិថី ស៊ី ជីនពីង ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។

ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។

បច្ចុប្បន្ននេះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកទទួលសាងសង់ ដោយបានរៀបចំទីតាំងសម្រាប់ការស្នាក់នៅ ការិយាល័យ ឃ្លាំង និងកន្លែងរោងជាងផលិតគ្រឿងសំណង់រួចរាល់។ ទន្ទឹមនឹងនោះCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។

សម្រាប់ ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើឱ្យការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់។

ស្របពេលជាមួយគ្នានៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ ដោយតភ្ជាប់ចរាចរណ៍ភូមិសាស្រ្តភាគខាងលិច ទៅខាងកើតនៃទន្លេមេគង្គ និងភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ដែលជាច្រកដ៏មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងភស្តុភាកម្ម៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន