កីឡាករ​ មាស​ ម៉ើ៖​ ខ្ញុំ​ចង់​ជាប់​ជា​ជម្រើស​ជាតិ​ផ្នែក​គុនចម្រុះ​ និង​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​ជា​យូរ​ហើយ​ឥលូវ​បាន​សម្រេច​ក្ដី​ស្រមៃ​

  • 2024-07-08 06:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ មាស​ ម៉ើ​ ថា​ក្ដី​ស្រមៃ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ​គឺ​ចង់​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​កីឡា​គុន​ចម្រុះ​ (MMA)​ ឥលូវ​សម្រេច​បំណង​មួយ​នេះ​ហើយ​ ខណៈ​ការ​ខំប្រឹង​ប្រែង​លះបង់​ ១០០%​ ត្រៀម​ការ​ប្រកួត​ AMMA ​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ២០២៤​ ខាង​មុខ​នេះ។​

រូបភាព nocc

មាស​ ម៉ើ​ បាន​ឲ្យ​ដឹង​ថា​ ជា​រឿង​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ពុំ​បាន​បន្ទាប់​ពី​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​គុន​ចម្រុះ​ (MMA)​ នៅ​ពេល​នេះ​ និង​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​បែប​នេះ។​ នេះ​ជា​ក្ដី​ស្រមៃ​ជា​យូរ​មក​ហើយ​ថា​ថ្ងៃ​ណា​មួយ​កម្ពុជា​នឹង​មាន​ជម្រើស​ជាតិ​ផ្នែក​នេះ​ មាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​ និង​ប្រកួត​ជា​ផ្លូវការ​តំណាង​ប្រទេស​កម្ពុជា។​

រូបភាព nocc

កីឡាករ​ល្បី​ឈ្មោះ​ផ្នែក​គុម​ចម្រុះ​រូប​បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​រៀង​យឺត​ពេល​បន្តិច​ហើយ​ ប្រសិន​បើ​មាន​ការ​ប្រមូលផ្ដុំ​ មានរចនាសម្ព័ន្ធ​ច្បាស់លាស់​ និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បែប​នេះ​ខ្ទង់​ ៧-៨​ឆ្នាំ​មុន​គឺ​ល្អ​ខ្លាំង​ ព្រោះ​ពេល​នោះ​ខ្លួន​កំពុង​ពេញ​ឡើង​ និង​វ័យ​នៅ​ក្មេង​បន្តិច។​

ជើង​ខ្លាំង​រូប​នេះ​លើក​ឡើង​ទៀត​ថា​ យ៉ាងណា​ពេល​នេះ​ក៏​មិន​ទាន់​ជា​ហួសពេល​ណាស់​ណា​ដែរ​ ពោល​មាន​តែ​ខំប្រឹង​ប្រែង​បំផុត​លើ​ការ​ហ្វឹកហាត់​ ការ​សម្រក់​ទម្ងន់​ និង​តស៊ូ​អំណត់​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​ជូន​ប្រទេស​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍​ AMMA ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ឲ្យ​បាន។​

និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​កីឡាករ​រូប​នេះ​ថា​ហាត់​ជាប់លាប់​រយៈពេល​ជាង​១ខែ​មក​ហើយ​ ប៉ុន្តែ​បញ្ហា​លំបាក​ខ្លាំង​នោះ​គឺ​ការ​ទម្លាក់​ទម្ងន់​មក​ច្រើន​គីឡូ​នាំ​ឲ្យ​កម្លាំង​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។​ មួយ​វិញ​ទៀត​ការ​ខកខាន​ជា​ច្រើន​ឆ្នាំ​នាំ​ឲ្យ​កម្លាំង​ និង​រាងកាយ​មិន​ដូច​មុន​ បើ​ទោះ​ជា​ខំប្រឹង​ ឬ​បុក​ហាត់​ជាង​ ១ ខែ​ក្ដី​ ប៉ុន្តែ​បាន​ត្រឹម​ ៥០ ទៅ​ ៦០​ % ​នៃ​ពី​មុន​នោះ​ទេ។​

បញ្ជាក់​ដែរ​ថា​ មាស​ ម៉ើ​ ជា​កីឡាករ​មាន​ទេពកោសល្យ​ និង​ល្បី​ឈ្មោះ​មួយ​រូប​លើ​ប្រភេទ​កីឡា​គុន​ចម្រុះ​ (MMA)​ នេះ។​ រូប​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​ KWC​ របស់​ទូរទស្សន៍​ CTN ​ក្នុង​ជំនាន់​លោក​ ម៉ា សេរី​ រៀបចំ​មក​ម្ល៉េះ។​ ក្រៅ​ពី​នេះ​ មាស​ ម៉ើ​ ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ដាក់​ទ្រុង​ MMA ​នេះ​នៅ​ប្រទេស​ថៃ​ និង​ ONE Championship​ ផង​ដែរ។​ នៅ​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ រូប​នេះ​នឹង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​ កីឡា​គុន​ចម្រុះ​ លើក​ទី២​ (AMMA)​ ធ្វើ​ឡើង​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី