De Gea ចង់​ត្រលប់​មកពិភព​បាល់ទាត់​វិញ

  • 2024-07-08 11:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញ និង​ Manchester United កីឡាករ David De Gea កំពុង​តែ​សម្លឹង​មក​រក​ការ​ត្រលប់​មក​ពិភព​បាល់ទាត់​វិញ ក្រោយ​ពី​ខាន​លេង​បាល់​អាជីព​ជាង ១ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

De Gea បាន​រួមរស់​ជាមួយ​ក្លឹប​បិសាច​ក្រហម​ Manchester United អស់​រយៈពេល​ប្រមាណ ១២ឆ្នាំ មុន​នឹង​ចាកចេញ​ដោយ​ផុត​កុងត្រា​កាល​ពី​ឆ្នាំ២០២៣កន្លង​ទៅ។ នាពេល​នោះ សារព័ត៌មានខ្លះចុះ​ផ្សាយ​ថា ការចែ​ក​ផ្លូវ​គ្នារវាង​បិសាច​ក្រហម និង De Gea គឺ​ដោយសារ​កីឡាករ​មិនមែន​ជា​កីឡាករ​ដែលអ្នក​ចាត់ការ Erik Ten Hag ត្រូវការ។ ខ្លះ​ទៀត​ថា គឺ​ដោយ​សារ De Gea ធ្លាក់ទម្រង់លេង ហើយ​មាន​ទំហំប្រាក់​ឈ្នួល​ច្រើន ដែល​ធ្វើឲ្យ​ការ​​ចរចា​គ្នា​រឿង​កុងត្រា​ថ្មី​មិនត្រូវ។ ក្លឹប​បិសាច​ក្រហម សម្រេច​ផ្ទេរ​ចូល​អ្នក​ចាំ​ទី Andre Onana មក​ធ្វើ​ជា​អ្នក​ចាំទី​ដៃ​ទី​មួយ​ជំនួស។

ក្រោយ​ចេញ​ពី​បិសាច​ក្រហម អតីត​អ្នកចាំ​ទី​ដៃ​ស្អិត​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ De Gea បាន​​សម្រាក​ ដោយ​មិន​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ។

យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន Goal កីឡាករ​រូប​នេះ​កំពុង​តែ​ទាក់ទង​ទៅ​កាន់​ក្លឹប​នៃ​លីគ​អារ៉ាប៊ីសាអ៊ូឌីត Al-Shabab និង​ក្លឹប​មួយ​ទៀត​ ដែល​មិន​បញ្ចេញ​ឈ្មោះ។

យ៉ាងណាមិញ មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណា​ចេញ​មក​បញ្ជាក់​ពី​រឿង​នេះ​ទេ។

សូម​ជម្រាប​ផង​ដែរ​ថា De Gea ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ចាំ​ទី​ឆ្នើម​មួយ​រូប​នៅ​ទ្វីប​អឺរ៉ុប និង​ក្នុង​បាល់ទាត់​អង់គ្លេស ដោយ​កីឡាករ​រូប​នេះ​ឈ្នះ​ពាន​ជា​ច្រើន ដោយ​ក្នុង​នោះ​រួ​មមាន​ ពាន​ស្រោម​ដៃ​មាស​នៅ​អង់គ្លេស​កាល​ពី​ឆ្នាំ២០២៣ផង​ដែរ។

ទោះ​ជា​អត់​លេង​បាល់​អាជីព​ក្ដី កីឡាករ​រូប​នេះ​នៅ​តែ​ហាត់​ប្រាណ​យ៉ាង​ទៀងទាត់ ព្រម​ទាំង​ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ​ និង​មនុស្ស​ជុំវិញ​ខ្លួន៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល