បន្ទាប់ពី​រោងចក្រ​ដំឡើងរថយន្ត! សម្តេចធិបតី ស្នើឱ្យ Toyota បើក​រោងចក្រ​ផលិតគ្រឿងបន្លាស់​ និង Accessories ផ្គត់ផ្គង់​ក្នុងស្រុក និងក្រៅប្រទេសទៀត

  • 2024-07-09 02:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ស្នើឱ្យ​ក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាព​ក្នុងការ​ផលិត​គ្រឿងបន្លាស់​របស់​ក្រុមហ៊ុន​តូយ៉ូតា ដែល​មិនត្រឹមតែ​សម្រាប់ការ​ផ្គត់ផ្គង់​ដល់ក្រុមហ៊ុន​ Toyota នៅកម្ពុជា​នោះទេ ប៉ុន្តែថែមទាំង​ផ្គត់ផ្គង់ដល់ក្រុមហ៊ុន Toyota នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និងពិនិត្យលទ្ធភាព​លើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា។

ការលើកឡើង​របស់​សម្តេចធិបតីខាងលើនេះ ធ្វើឡើង​ក្នុង​ជំនួបជាមួយ​លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២៤។

គួររំលឹក​ថា កាលពីដើមឧសភាកន្លងទៅ ​រោងចក្រ​ផ្គុំ និងដំឡើងរថយន្តរបស់​ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia ត្រូវបានសម្ពោធជាផ្លូវការ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាមេរិក។ វត្តមានរបស់រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យ កម្មន្តសាល និងវិស័យឧស្សាហកម្មធុនធ្ងន់ដទៃទៀត។

សម្រាប់ឆ្នាំ២០២៤ រោងចក្រ​នេះ មានសមត្ថភាពដំឡើង​រថយន្ត ២ប្រភេទ បានចំនួន ១៣២០គ្រឿង ក្នុងនោះ ម៉ាក Fortuner ចំនួន ២៩០គ្រឿង និង Hilux ចំនួន ១០៣០គ្រឿង។

ក្នុងឱកាស​នៃជំនួបនេះដែរ លោកនាយកក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន។ បន្ថែមលើនេះ លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន​ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។

សម្តេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី