ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​! សហព័ន្ធបញ្ចស៊ីឡាត់កម្ពុជា​បញ្ជូន​កីឡាករ​ កីឡាការិនី​ ១៥​រូប​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ឥណ្ឌូណេស៊ី​

  • 2024-07-10 09:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​ រសៀល​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​សរុប​ ១៥​នាក់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ខណៈ​ប្រទេស​ខ្លាំង​ៗ​ប្រកួតប្រជែង​ទាំង​អស់​ ៧ ប្រទេស​រួម​ទាំង​អាមេរិក​ទៀត​ផង។​

ទិដ្ឋភាពថ្ងៃ​មិញ

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រសៀល​ថ្ងៃ​មិញ​នេះ​ឯកឧត្ដម​ សេង​ ធារិន​ ប្រធាន​សហព័ន្ធ​បញ្ចស៊ីឡាត់​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​កីឡា​មួយ​នេះ​ទើប​បង្កើត​បាន​រយៈពេល​ខ្លី​ ដូច្នេះ​កីឡាករ​ កីឡា​ការិនី​ សមត្ថភាព​នៅ​មាន​កម្រិត​ ឬ​មិន​ទាន់​ឈាន​ដល់​កម្រិត​ខ្ពស់​ដូច​ទៅ​ហ្នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​នោះ​ឡើយ។​

ឯកឧត្ដម​ សេង​ ធារិន​

តាម​រយៈ​ការ​ហ្វឹកហាត់​ និង​ដណ្ដើម​មេដាយ​ស៊ីហ្គេម​ នៅ​កម្ពុជា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ​មែន​ ប៉ុន្តែ​សហព័ន្ធ​មើល​ឃើញ​ថា​ក្រុម​បញ្ចស៊ីឡាត់​កម្ពុជា​ត្រូវ​ស្វែង​រកបទ​ពិសោធ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ពិសេស​ការ​ប្រកួត​កម្រិត​អន្តរជាតិ​តែ​ម្ដង។​ ដូច្នេះ​ហើយ​ជា​អ្វី​ដែល​សហព័ន្ធ​តែងតែ​គិតគូរ​ និង​ផ្ដោត​អាទិភាព​នោះ​គឺ​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ក៏​ដូច​ជា​ចៅក្រម​ឲ្យ​បាន​ចេញ​ទៅ​ប្រកួត​ ឬ​ទៅ​សិក្សា​ស្វែងយល់នៅ​ឯ​ក្រៅ​ប្រទេស​ពិសេស​នៅ​ឯ​ប្រទេស​ដែល​ជា​ម្ចាស់​ដើម​ក្បាច់​គុន​នេះ។​

ទិដ្ឋភាពថ្ងៃ​មិញ

ឯកឧត្ដម​ សេង​ ធារិន​ បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ លើក​នេះ​ក្រុម​បញ្ចស៊ីឡាត់​កម្ពុជា​នឹង​មាន​ភាព​រីកចម្រើន​ និង​ទទួល​បាន​ចំណេះ​ជំនាញ​កាន់​តែ​ប្រសើរ​ជាង​មុន​ទៅ​ទៀត។​ តាម​រយៈ​ការ​ខំប្រឹង​ហ្វឹកហាត់​យ៉ាង​ជាប់​លាប់​កន្លង​ទៅ​នេះ​ និង​ទឹកចិត្ត​មោះមុត​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ ឯកឧត្ដម​ជឿជាក់​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​លើក​នេះ។​

ទិដ្ឋភាពថ្ងៃ​មិញ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ សរុប​ ១៥​រូប​ទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២​ ដល់​ ១៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤។​ ប្រទេស​ដែល​នឹង​ចូលរួម​ការ​ប្រកួត​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ រួម​មាន​កម្ពុជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ ថៃ​ សហរដ្ឋអាមេរិក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី