Van de Beek ចាកចេញ​ពី​ Man Utd ក្រោយ​រួមរស់​រដាក់រដុប​អស់​ ៤ឆ្នាំ

  • 2024-07-10 13:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ហុល្លង់​កីឡាករ Donny van de Beek បាន​ប្រកាស​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹបបិសាចក្រហម Manchester United ហើយ​ ក្រោយ​រួមរស់​ជាមួយ​គ្នា​យ៉ាង​រដាក់រដុប​អស់​រយៈពេល​ ៤ឆ្នាំ។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លឹប​បិសាចក្រហម​នាំ​ចូល​ពី​ក្លឹប​ហុល្លង់​ Ajax កាល​ពី​ឆ្នាំ២០២០កន្លង​ទៅ ជាមួយ​នឹង​តម្លៃ​ខ្លួន​ប្រមាណ ៤៥លាន​ដុល្លារ​អាមេរិក។

នៅ​ពេល​ចូល​មក​ដំបូង​ៗ​ Van de Beek បង្ហាញ​ទម្រង់​លេង​គ្រាន់​បើ តែ​ក្រោយៗ​មក​ ព្រោះ​តែ​របួស កីឡាករ​រូប​នេះ​ត្រូវ​បាន​បញ្ឈរ​ជើង​ចោល ដោយ​បង្ហាញ​ខ្លួន​សរុប​នៅ​ក្លឹប​ Manchester United តែ ៣៥ដង​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ជើង​រហូត​ដល់​ទៅ ២ដង ដោយ​ទៅ​ក្លឹប Everton នៅ​ឆ្នាំ២០២២ និង​ក្លឹប​អាល្លឺម៉ង់ Eintracht Frankfurt នៅ​ឆ្នាំ២០២៤នេះ។

ពាក់ព័ន្ធ​នឹង​ការ​ចែក​ផ្លូវគ្នា​នេះ​ដែរ កីឡាករ​ហុល្លង់​វ័យ ២៧ឆ្នាំ​រូប​នេះ​បាន​សរសេរ​សារ​អរគុណ​ប្រិយមិត្ត​របស់​ក្លឹប​បិសាចក្រហម ហើយ​សង្ឃឹម​ថា​នឹង​ជួប​អ្នក​ទីក្រុង Manchester ម្ដងទៀត​នៅ​ពេល​ខាង​មុខ។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​នៅ​មិន​ទាន់​ប្រកាស​ពី​ក្លឹប​បន្ទាប់ ដែល​ខ្លួន​នឹង​ទៅ​លេង​នោះ​ទេ។

បើ​តាម​ប្រភព​ជា​ច្រើន​ កីឡាករ​រូប​នេះ​នឹង​ទៅ​លេង​នៅ​ក្លឹប​អេស្ប៉ាញ Girona ដែល​ជា​ក្លឹប​ជាប់​លេខ ៣ នៅ​ក្របខ័ណ្ឌ​លីគ​អេស្ប៉ាញ La Liga៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី