ដូណាល់ ត្រាំ ជ្រើសរើសអតីតអ្នករិះគន់ខ្លួន ជាបេក្ខភាពអនុប្រធានាធិបតី
- 2024-07-16 10:54:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ ជ្រើសរើសអតីតអ្នករិះគន់ខ្លួន ជាបេក្ខភាពអនុប្រធានាធិបតី
ចន្លោះមិនឃើញ
បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋអូហាយ៉ូ លោក ជេមស៍ ដេវីដ វេនស៍ ឬ ហៅកាត់ថា JD Vance ធ្វើជាបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួន។
ការប្រកាសនេះធ្វើឡើងនៅចំថ្ងៃមហាសន្និបាតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកក្កដា។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ត្រាំ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា៖ «បន្ទាប់ពីគិតគូរយ៉ាងម៉ត់ចត់នូវបេក្ខភាពជាច្រើន ខ្ញុំបានសម្រេចចិត្តថា បុគ្គលដែលសក្ដិសមនឹងតំណែងអនុប្រធានាធិបតីគឺ លោកសមាជិកព្រឹទ្ធសភា ជេឌី វេនស៍»។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោកត្រាំ បានទូរស័ព្ទទៅកាន់លោក វេនស៍ តែ ២០នាទីប៉ុណ្ណោះមុននឹងការប្រកាសជាផ្លូវការក្នុងការជ្រើសរើសបេក្ខភាពអនុលោក។ ប្រភពនេះបានបន្តថា អ្នកវិភាគ និងអ្នកតាមដានជាច្រើនយល់ឃើញថា លោក វេនស៍ ជាមនុស្សស្ម័គ្រស្មោះនឹងលោក ត្រាំ ជាងបេក្ខភាពល្បីៗឈ្មោះផ្សេងៗទៀតដូចជា លោក ម៉ាកូ រូប៊ីអូ សមាជិកព្រឹទ្ធសភារដ្ឋហ្វ្លរីដា និងលោកអភិបាលរដ្ឋដាកូតាខាងជើង ដាក់ ប៊ឺហ្គឹម។
លោក វេនស៍ បានជាប់ជាសមាជិកព្រឹទ្ធសភានៅឆ្នាំ២០២២ ក្រោយពេលមានការគាំទ្រពីសំណាក់លោកត្រាំ។ បុរសវ័យ៣៩ឆ្នាំរូបនេះ ធ្លាប់និពន្ធសៀវភៅប្រលោមលោកមួយក្បាលមានចំណងជើងថា Hillbilly Elegy ដែលនិយាយពីជីវិតគ្រួសារពលករពុះពារតស៊ូនៅក្នុងសង្គម។ លោកក្រោយមកក៏ចូលរកស៊ីវិនិយោគ ដោយរកលុយបានប្រមាណ ៩៣លានដុល្លារអាមេរិក។
យ៉ាងណាមិញ កាលពីឆ្នាំ២០១៦កន្លងទៅ លោក វេនស៍ ធ្លាប់រិះគន់ដោយឥតសំចៃលើបេក្ខភាពលោក ដូណាល់ ត្រាំ ដោយធ្លាប់ប្រៀបធៀបលោកនឹងមេដឹកនាំណាស៊ីអាល្លឺម៉ង់ អាដុល្វ ហ៊ីត្លែរ ទៀតផង៕