បិសាចក្រហមកំពុងមមាញឺកទិញចូលកីឡាករថ្មី
- 2024-07-17 12:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិសាចក្រហមកំពុងមមាញឺកទិញចូលកីឡាករថ្មី
ចន្លោះមិនឃើញ
ក្លឹប Manchester United កំពុងមានភាពមមាញឹកក្នុងការផ្ទេរចូលកីឡាករថ្មី ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
អ្នកចាត់ការក្លឹប លោក Erik Ten Hag កំពុងដុតដៃដុតជើង ក្នុងយុទ្ធនាការពង្រឹងកូនក្រុមរបស់លោក ក្រោយមានទម្រង់លេងមិនសូវល្អកាលពីរដូវកាលមុន។ ចំណុចដែលលោកផ្ដោតសំខាន់នោះ គឺពង្រឹងតំបន់ប្រយុទ្ធ និងតំបន់ការពារ។
កាលពីដើមសប្ដាហ៍នេះ ក្លឹបបិសាចក្រហមបានសម្រេចផ្ទេរចូលខ្សែប្រយុទ្ធសញ្ជាតិហុល្លង់វ័យ ២៣ ឆ្នាំ Joshua Zirkzee ក្នុងតម្លៃផ្ទេរជិត ៤៥ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹបអ៊ីតាលី Bologna។ Zirkzee ចុះកុងត្រា ៥ ឆ្នាំ ជាមួយក្លឹប Manchester United ហើយមានលទ្ធភាពតមួយឆ្នាំបន្ថែមទៀត បើមានការព្រមព្រៀងរវាងភាគីទាំងពីរ។ មុនមកចូលរួមជាមួយក្លឹប Man Utd កីឡាករ Zirkzee ធ្លាប់លេងនៅក្លឹប Bayern Munich និង Bologna។ កាលពីរដូវកាលមុន ពេលលេងនៅអ៊ីតាលី ខ្សែប្រយុទ្ធរូបនេះលេងសរុប ៣៧ ប្រកួត និងស៊ុតចូល ១២ គ្រាប់ឲ្យ Bologna។
ក្នុងសប្ដាហ៍នេះ ក្លឹបក៏បានកំពុងចរចាដើម្បីផ្ទេរខ្សែការពារបារាំង Leny Yoro ពីក្លឹប Lille។ Yoro មានវ័យ ១៨ ឆ្នាំ តែបានបង្ហាញសមត្ថភាពធ្វើជាកីឡាករឈុតធំទៅហើយឲ្យក្លឹប Lille ដោយបានបង្ហាញខ្លួនដល់ទៅ ៤៤ ប្រកួត និងស៊ុតចូល ៣ គ្រាប់ឲ្យក្លឹបកាលពីរដូវកាលមុន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror ទាំងក្លឹប Manchester United និងក្លឹប Lille ហើយកីឡាករ បានព្រមព្រៀងរួចទៅហើយ ក្នុងតម្លៃផ្ទេរប្រមាណ ៧០ លានដុល្លារសហរដ្ឋអាមេរិក។ បើមិនមានអ្វីប្រែប្រួលទេ Yoro នឹងត្រូវបានប្រកាសជាកីឡាករបិសាចក្រហមក្នុងសប្ដាហ៍នេះ ឬដើមសប្ដាហ៍ក្រោយ។
លើសពីនេះ Manchester United ក៏បាន និងកំពុងចរចាផ្ទេរយកខ្សែការពារហុល្លង់ Matthjis De Ligt ពីក្លឹប Bayern Munich។ បើតាមរបាយការណ៍ចុងក្រោយ អារម្មណ៍របស់ភាគីក្លឹបទាំងសងខាង កំពុងល្អ ហើយអាចនឹងបិទបញ្ចប់នាពេលឆាប់ៗ ក្នុងករណីនិយាយថ្លៃផ្ទេរត្រូវគ្នា។ ឯ De Ligt វិញ គឺចាប់អារម្មណ៍ចង់មកធ្វើការ និងរួមដំណើរជាថ្មីជាមួយអតីតគ្រូរបស់ខ្លួន គឺលោក Ten Hag គឺជាអ្នកចាត់ការក្លឹបបិសាចក្រហមនាពេលបច្ចុប្បន្ន។
ក្រោមការដឹកនាំរបស់សហម្ចាស់ក្លឹបថ្មី បិសាចក្រហមមានភាពសស្រាក់សស្រាំជាងគេ ក្នុងទីផ្សារដោះដូរនេះ បើធៀបនឹងក្លឹបធំៗដទៃគិតមកទល់ពេលនេះ។ កាលពីខែមុន ថ្នាក់ដឹកនាំក្លឹបថ្មីលោក Jim Ratcliffe បានបង្ហើបថា ទិសដៅអាទិភាពរបស់ Man United គឺមិនមែនផ្ដោតទៅលើការទិញកីឡាករល្អ ហើយថ្លៃៗនោះទេ។ ក្លឹបត្រូវផ្ដោតសំខាន់ទៅលើការងារអភិវឌ្ឍក្រុមកីឡាករ ដើម្បីឲ្យក្រុមកីឡាករមានលំនឹង ហើយជាមួយគ្នានោះ ផ្ទេរចូលកីឡាករល្អៗមួយចំនួនដើម្បីបង្កើនទម្រង់លេងរបស់ក្រុម។ ម៉្យាងវិញទៀត ក្លឹបត្រូវបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ដំណើរការក្លឹប ក្នុងនោះគឺត្រូវវិនិយោគបន្ថែមទៀតទៅលើហេត្ថារចនាសម្ព័ន្ធសំខាន់ៗរបស់ក្លឹប ដូចជាទីលានហ្វឹកហាត់របស់កីឡាករ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ក្លឹប។
លោក Ratcliffe បានសម្រេចបន្តកុងត្រាឲ្យអ្នកចាត់ការ លោក Ten Hag រហូតដល់ឆ្នាំ ២០២៦ ហើយតែងតាំងអ្នកមានបទពិសោធន៍ និងជំនាញបាល់ទាត់ ទៅដឹកនាំផ្នែកសំខាន់ៗរបស់ក្លឹប ដូចជាផ្នែកផ្ទេរកីឡាករ និងផ្នែកបង្វឹកកីឡាករជាដើម៕