ម៉ោងជាក់លាក់ដែលសម្តេច ហ៊ុន ម៉ាណែត នឹងចុចប៊ូតុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
- 2024-07-18 03:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ោងជាក់លាក់ដែលសម្តេច ហ៊ុន ម៉ាណែត នឹងចុចប៊ូតុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចនឹងចុចប៊ូតុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាវេលាម៉ោង ៩:០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា សាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស គោះ វាយស្គរ ប៉ោត ដើម្បីអបអរសាទចំពោះពិធីបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្រ្តនេះ។
គួរដឹងដែរថា ទីតាំងរៀបចំពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាទីតាំងចាប់ផ្តើមនៃគម្រោងនេះតែម្តង។
គម្រោងនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕