កម្ពុជា ត្រៀមខ្លួនបំបែកកំណត់ត្រា Guinness world record នៅមុខប្រាសាទអង្គរវត្ដ ក្នុងព្រឹត្ដិកាណ៍ Gumball 3000

  • 2024-07-22 04:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាម្ចាស់ផ្ទះរយៈពេល ២យប់ ៣ថ្ងៃ នៃព្រឹត្ដិការណ៍ Gumball 3000 ដែលមានរថយន្ដប្រណីតៗចំនួន ១៣០គ្រឿង ជិះដោយមហាសេដ្ឋីវាល់លាន និងតារាល្បីៗជុំវិញពិភពលោក កម្ពុជាបានប្រកាសពីគម្រោងបដិសណ្ឋារកិច្ចដ៏ធំនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី ២១ ខែកក្កដា តំណាងក្រសួងទេសចរណ៍ និងតំណាងក្រុមហ៊ុន ជីបម៉ុង បានបញ្ជាក់ជំហរស្រដៀងគ្នាថា កម្ពុជាទទួលបានឱកាសដ៏កម្រ និងអស្ចារ្យបំផុតក្នុងប្រវត្ដិសាស្ដ្រ នៃដំណើរកម្សាន្ដរបស់ក្រុមមហាសេដ្ឋីពិភពលោក។

រដ្ឋលេខាធិការក្រសួងទេសចណ៍ឯកឧត្ដម គុជ បញ្ញាសារ មានប្រសាសន៍ថា ក្នុងចំណោមសកម្មភាពធំៗចំនួន ក្នុងដំណើរទេសចរ និងស្នាក់នៅរបស់ប្រតិភូ Gumball 3000 គឺកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកភាពអស្ចារ្យដែលខ្មែរមាន ហើយប្រតិភូទាំងនោះក៏មានសកម្មភាព និងជំនួយសម្បុរសធម៌ប្រកបដោយស្នាមញញឹមមិនអាចបំភ្លេចបានដល់កម្ពុជាដែរ។

លោកបញ្ជាក់ថា សកម្មភាពមួយក្នុងចំណោម ដែលកម្ពុជា គ្រោងនឹងធ្វើនោះ គឺការចតឡានប្រណីតៗរបស់មហាសេដ្ឋី តារាល្បីៗរបស់ពិភពលោក ព្រមទាំងឡានល្អៗត្រូវនឹងលក្ខណ្ឌ នៃកម្មវិធីនេះរបស់អ្នកចូលរួមខ្មែរយើង អាចចូលខ្ទង់ពាន់គ្រឿង ដើម្បីឲ្យក្រុមការងារ Guinness World Record ធ្វើការវាយតម្លៃ និងផ្ដល់កំណត់ត្រា ចំពោះការដាក់បង្ហាញឡានប្រណីតៗ និងច្រើនជាងគេរបស់មហាសេដ្ឋី និងតារាល្បីៗនៅមុខប្រាសាទអង្គរវត្ដ ដល់កម្ពុជា។

ជាច្រើនឆ្នាំមកហើយ ប្រាសាទអង្គរវត្ដ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក មិនត្រូវបានអនុញ្ញាតឲ្យដាក់ឡាន ឬយាន្ដជំនិះផ្សេងៗនៅមុខប្រាសាទ ដើម្បីថតនោះទេ។ ប៉ុន្ដែរាជរដ្ឋាភិបាល ទើបចេញសេចក្ដីជូនដំណឹង ឬ ស ជ ណ ផ្ដល់លក្ខណ្ឌពិសេសមួយសម្រាប់ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ។ តាមរយៈ ស ជ ណ បានបើកឱកាសឲ្យក្រុមមហាសេដ្ឋីមានប្រាក់វាល់លាន តារាល្បីៗជុំវិញពិភពលោកថតរូបជាមួយឡានរបស់ខ្លួន ដើម្បីបង្ហោះនៅលើបណ្ដាញសង្គម។

ឯកឧត្ដម គុជ បញ្ញាសារ៖ “ការថតរូបហើយបង្ហោះនៅលើ social media គឺជាមហាជោគជ័យរបស់កម្ពុជាមួយដែរ ព្រោះយើងគិតមើលពួកគាត់រាប់រយនាក់ ហើយហ្វេនៗ និងអ្នកស្គាល់គាត់រាប់លាននាក់ នឹងបានឃើញរូបពួកគាត់ជាមួយប្រាសាទអង្គរវត្ដខ្មែរយើង។ ចំពោះការបំបែកកំណត់ត្រា យើងក៏សង្ឃឹមលើការចូលរួមពីឡានរបស់ខ្មែរយើងមួយចំនួនធំដែរ ដើម្បីអាចធ្វើវាបាន”។

ជាមួយគ្នានេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាដៃគូសហការធំក្នុងការរៀបចំបដិសណ្ឋារកិច្ចប្រតិភូ នៃកម្មវិធី Gumball ឆ្នាំ២០២៤ គឺឧកញ៉ា លាង ពៅ ដែលគេស្គាល់ច្បាស់ថាឧកញ៉ាជាអ្នកស្រឡាញ់ឡាន និងការជិះឡានកម្សាន្ដបែបអភិជនដែរនោះ បានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង នឹងរ៉ាប់រងលើថ្លៃចំណាយស្នាក់របស់ប្រតិភូទាំងនោះ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំនៅភ្នំពេញ គឺ HYATT REGENCY និងសណ្ឋាគារ Raffle នៅខេត្ដសៀមរាប ព្រមទាំងរៀបចំទទួល Gala dinner ទៀតផង។

បើតាមឯកឧត្ដម គុជ បញ្ញាសារ និងឧកញ៉ា លាង ពៅ នៅអំឡុងពេលស្នាក់នៅ និងដំណើរកម្សាន្ដតាមឡានរបស់ក្រុមមហាសេដ្ឋីវាល់លាន និងតារាល្បីៗជុំវិញពិភពលោកលើកនេះ គឺកម្ពុជាក៏បានត្រៀមក្រុមហ៊ុន និងអ្នកជំនួញធំៗរបស់កម្ពុជា ដើម្បីជួបពិភាក្សាលើវិស័យធុរកិច្ច ឬឱកាសរកស៊ីជាមួយគ្នានៅកម្ពុជា។ នៅអំឡុងពេលនោះដែរ ក៏មានរៀបចំព្រឹត្ដិការណ៍ប្រគំតន្ដ្រីដ៏ធំនៅសួនច្បារវត្ដបទុមវតី នៅយប់ថ្ងៃទី១៥ ខែកញ្ញា។ រីឯនៅថ្ងៃទី១៦ ដែលក្រុម Gumball 3000 ឆ្ពោះទៅកាន់ប្រាសាទអង្គរ ក៏មានឈប់ធ្វើព្រឹត្ដិកាណ៍ចម្អិនអាហារសម្រាប់អ្នកភូមិ នៅឃុំកំពង់ឃ្លាំង ខេត្ដសៀមរាប និងមានគម្រោងបង្កើតតារាងបាល់ទាត់លើទឹកមួយទៀត សម្រាប់អ្នកឃុំកំពង់ឃ្លាំងទៀតផង។

តាមគម្រោង កម្មវិធី Gumball 3000 នឹងចាប់ផ្ដើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដោយចេញដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា តាមច្រកព្រំដែនអន្ដរជាតិបាវិត ឆ្ពោះមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី១៥ និងចេញទៅខេត្ដសៀមរាប នៅថ្ងៃទី១៦ ហើយបន្ដស្នាក់នៅ ១យប់ នៅលើទឹកដីអង្គរដែលជាថ្ងៃរៀបចំព្រឹត្ដិការណ៍ធំបំផុតនាំមុខមាត់កម្ពុជាទៅកាន់ឆាកអន្ដរជាតិ។ បន្ទាប់ពីនោះក្រុមមហាសេដ្ឋី និងតារាល្បីៗ នឹងបន្ដដំណើរទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី ហើយបញ្ចប់កម្មវិធីនៅថ្ងៃទី២២ ខែកញ្ញា នៅសិង្ហបុរី៕

ជិន សុភ័ក្ដ្រ