ឯកឧត្តម ម៉ៅ ធនិន! ខេត្តកំពត នឹងមានឆ្នេរស្អាតបំផុតនៅចំកណ្តាលសមុទ្រ

  • 2024-07-23 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត​ បាន​ថ្លែងឱ្យដឹងថា រដ្ឋបាលខេត្ត​គ្រោង​នឹង​អភិវឌ្ឍឆ្នេរថ្មីមួយ​នៅ​ចំកណ្តាលសមុទ្រ ដែល​ភ្ញៀវទេសចរអាចគយគន់លម្ហសមុទ្រ ភ្នំកែប កោះត្រល់ និងភ្នំបូកគោជាដើម ដែល​នេះ​ជាគោលដៅទេសចរណ៍​ថ្មី​ដើម្បី​ស្រួបយកទេសចរ លើកកម្ពស់ និងទ្រទ្រង់ជីវភាពប្រចាំ​ថ្ងៃរបស់​បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ក្នុងកិច្ចសម្ភាសន៍មួយ​ស្តីពី «វឌ្ឍនភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពត» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៤ យ៉ាងដូច្នេះថា៖ «ដោយសារតែរដ្ឋបាលខេត្ត​បានពិនិត្យឃើញថា ក្នុងខេត្តរបស់យើងនេះ យើងមានព្រែកទាំង១៣ ប៉ុន្តែយើងអត់ទាន់មានឆ្នេរសមុទ្រ។ ដោយសារតែសក្តានុពល​នៅក្នុងខេត្តរបស់យើង យើងមានឆ្នេររហូតទៅដល់ ៦៦,៥គីឡូម៉ែត្រ ឥឡូវនេះរដ្ឋបាលខេត្ត​មានគោលការណ៍សុំ​ប្រមុខ​រាជរដ្ឋាភិបាល យើងនឹងបង្កើតឆ្នេរ​មួយ​ទៀត នៅចំកណ្តាលសមុទ្រតែម្តង ដែលមានទទឹង ៤គីឡូម៉ែត្រ»។

ឯកឧត្តម ម៉ៅ ធនិន​ បន្តថា តាមការសិក្សាបឋម ក្រោយពេល​បង្កើតឡើងហើយ ឆ្នេរនេះ​នឹងក្លាយជាឆ្នេរដ៏ស្អាតបំផុត នៅប៉ែកនិរតីរបស់ប្រទេស។ បើមើលពី​ឆ្នេរនេះ នៅខាងឆ្វេង គឺមើលឃើញសោភណ្ឌភាពភ្នំកែប ខាងស្តាំកោះត្រល់ ខាងក្រោយ ភ្នំបូកគោ ខាងមុខគឺលម្ហសមុទ្រតែម្តង។

បើតាមការលើកឡើង​របស់​ឯកឧត្តមអភិបាលខេត្ត បាន​ឱ្យដឹងថា បុណ្យសមុទ្រ​នៅពេលខាងមុខនេះ ខេត្ត​កំពត នឹង​ធ្វើជាម្ចាស់ផ្ទះ ដូច្នេះ​រដ្ឋបាលខេត្តនឹងមានរៀបចំកន្លែងទេសចរណ៍​មួយចំនួនទៀតដើម្បីអបអរសាទរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម