De Bruyne នឹង​មិន​ចេញ​ពី Man City ទៅ​លេង​នៅ​អារ៉ាប​ទេ

  • 2024-07-23 11:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ Kevin De Bruyne នឹង​មិនចាកចេញ​ពី​ក្លឹប​អង់គ្លេស​នេះ ទៅ​លេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Pep Guardiola អ្នកចាត់ការ​ក្លឹប Manchester City។

ការ​លើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា កីឡាករ​បែលហ្សិក​នេះ​អាច​នឹង​ទៅ​លេង​នៅ​ក្លឹបនៅ​ឯតំបន់​មជ្ឈិមបូព៌ា​ដូច​តារាៗបាល់ទាត់​មាន​វ័យ​រាង​ជ្រេ​មួយ​ចំនួន​។

លោក Pep បាន​និយាយ​ថា៖ «Kevin គេ​មិន​ទៅ​ណា​ទេ»។

«ប្រសិន​បើ​មាន​នរណា​គេចេញ នោះ​យើង​នឹង​និយាយ​អំពី​រឿង​នេះ»។ នេះ​បើ​តាមការបន្តរបស់​លោក។

Kevin De Bruyne មាន​វ័យ ៣៣ឆ្នាំ​ហើយ។ លោក​បាន​ចូល​លេង​នៅ​ក្លឹប​ទីក្រុង​មេនឆេស្ទើរ​របស់​អង់គ្លេស​មួយ​នេះ​តាំង​ពី​ឆ្នាំ២០១៥មក។ តាំង​ពី​ពេល​នោះ​ កីឡាករ​រូប​នេះ​ជា​កីឡាករ​បង្គោល​របស់​ក្លឹប ដោយ​លេង​បាន ២៥៧ដង និង​ស៊ុត​បាន ៦៨គ្រាប់។

បន្ថែម​ពី​នេះ​ដែរ លោក Guardiola បាន​បញ្ជាក់​ថា ខា​ង Manchester City អាច​នឹង​រក្សា​កីឡាករ​ចាស់ៗ​ច្រើន ដោយ​ក្រុម​កីឡាករ​ចាស់​អាច​នឹង​នៅ​សល់ ៨៥ ទៅ ៩០ភាគរយ ហើយ​លោក​ថា​នឹង​នាំ​ចូល​កីឡាករ​ថ្មី​តិចតួច​បំផុត។

ក្លឹប​ Manchester City នឹង​លេង​ប្រកួត​ផ្លូវការ​លើក​ទី១ប្រចាំ​រដូវ​កាល​ប៉ះ​នឹងក្លឹប​ភូមិផង​របង​ជាមួយ​ Manchester United នៅ​ថ្ងៃទី១៨ ខែ​សីហា ខាង​មុខ សម្រាប់​ពាន Community Shield៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល