លោក​ អេ ភូថង​ សុំទោស​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ និង​មហាជន​ចំពោះ​ការ​ប្រមាថ​លើ​មន្ត្រី​អាជ្ញាកណ្ដាល​

  • 2024-07-24 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​លោក​ អេ ភូថង​ អ្នក​ស្រី​ សាំង​ សុម៉ាលី​ រួម​ទាំង​កូន​ស្រី​ អេ យ៉ានុត​ បាន​មក​ជួប​ជា​មួយ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ធ្វើ​ការ​សុំទោស​ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​ដែល​បាន​ជេរប្រមាថ​ដល់​មន្ត្រី​អាជ្ញាកណ្ដាល​ និង​ប្រធាន​គណៈវិនិច្ឆ័យ​ពេល​ដែល​កូន​ប្រុស​របស់​ខ្លួន​ ម៉ឺន​ មេឃា​ ប្រកួត​ការពារ​ខ្សែក្រវាត់​នៅ​សង្វៀន​ PNN។​

រូបភាពហ្វេសបុកឯកឧត្ដម ខូវ ឆាយ

លោក​ អេ​ ភូថង​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ថា​ លោក​ផ្ទាល់​រួម​ទាំង​ភរិយា​ និង​កូន​ស្រី​ ទទួល​ស្គាល់​នូវ​កំហុស​ដែល​បាន​ធ្វើ​មិន​គប្បី​ជេរប្រមាថ​មិន​ស្ដាប់​ការ​ពន្យល់​ណែនាំ​របស់​មន្ត្រី​ប្រធាន​គណៈវិនិច្ឆ័យ​ក្នុង​ពេល​ដែល​បញ្ឈប់​ការ​ប្រកួត​របស់​ ម៉ឺន​ មេឃា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នៅ​សង្វៀន​ PNN។​

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​ពេល​ចិត្ត​ និង​ទទួល​នូវ​ការ​វិន័យ​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ដែល​បាន​សម្រេច​ និង​សុំទោស​មហាជន​មេត្តា​យោគយល់​ចំពោះ​កំហឹង​មួយ​ឆេវ​របស់​លោក​ និង​ក្រុម​គ្រួសារ​ដែល​ធ្វើ​ខុសឆ្គង​កន្លង​ទៅ​នេះ។​

រូបភាពហ្វេសបុកឯកឧត្ដម ខូវ ឆាយ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ឯកឧត្ដម​ ខូវ​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ការ​ជួួបជា​មួយ​លោក​ អេ ភូថង​ និង​ក្រុម​គ្រួសារ​របស់​លោក​នេះ​គឺ​ជជែក​សម្របសម្រួល​ភាគី​ពាក់ព័ន្ធ​ឲ្យ​យោគយល់​ អធ្យាស្រ័យ​គ្នា​ និង​រួម​គ្នា​បន្ត​អភិវឌ្ឍន៍​គុន​ខ្មែរ​តទៅ​មុខ​ទៀត។​ មួយ​វិញ​ទៀត​ដោយ​សារ​ខាង​លោក​ អេ​ ភូថង​ ទទួល​ស្គាល់​កំហុស​ផង​ និង​សន្យា​ឈប់​ឲ្យ​មាន​ទង្វើ​ខុសឆ្គង​តទៅ​ទៀត​ហើយ​នេះ​ជា​លើក​ទី​មួយ​ផង​នោះ​ ដូច្នេះ​សហព័ន្ធ​នឹង​ប្រជុំ​ពិភាក្សា​បន្ធូរបន្ថយ​លើ​ការ​ដាក់​វិន័យ​ដើម្បី​សម្រាល​ និង​ឲ្យលោកឆាប់​បាន​បន្ត​ការងារ​លើ​វិស័យ​ប្រដាល់​នេះ​វិញ។​

រូបភាពហ្វេសបុកឯកឧត្ដម ខូវ ឆាយ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ចំនួន​ ៣​ ដាក់​វិន័យ​លើ​លោក​ អេភូថង​ និង​អ្នក​ស្រី​ សាំង​ សុម៉ាលី​ មិន​អនុញ្ញាត​ឲ្យ​ចូល​គ្រប់​កម្មវិធី​ប្រដាល់​ដែល​រៀបចំ​ដោយ​សហព័ន្ធ​រយៈពេល​ ៦​ខែ។​ ចំណែក​ អេ​ យ៉ានុត​ ដាក់​វិន័យ​មិន​ឲ្យ​ចាប់​គូ​ប្រដាល់​រយៈពេល​ ៦​ខែ​ផង​ដែរ។​ ការ​ដាក់​វិន័យ​នេះ​ដោយ​យោង​លើ​ការ​ប្រព្រឹត្តិ​ខុសឆ្គង​ដោយ​មាន​ការ​ជេរប្រមាថ​ មិន​ឲ្យ​តម្លៃ​លើ​មន្ត្រី​អាជ្ញាកណ្ដាល​ ប្រធាន​គណៈវិនិច្ឆ័យ​ដែល​បាន​បញ្ឈប់​ការ​ប្រកួត​របស់​ ម៉ឺន​ មេឃា​ នៅ​ទឹកទី៤​ នៃ​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​នៅ​សង្វៀន​ PNN កាល​ពី​ថ្ងៃ​ទី២១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ៕​

រូបភាពហ្វេសបុកឯកឧត្ដម ខូវ ឆាយ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី