ធនាគារជាតិ នឹងបញ្ចេញផលិតផលទេសចរថ្មីបែបឌីជីថល ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ និងបង្កើនកិត្យានុភាពរបស់កម្ពុជា
- 2024-07-25 02:50:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារជាតិ នឹងបញ្ចេញផលិតផលទេសចរថ្មីបែបឌីជីថល ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ និងបង្កើនកិត្យានុភាពរបស់កម្ពុជា
ចន្លោះមិនឃើញ
ធនាគារជាតិនៃកម្ពុជា គ្រោងនឹងដាក់ដំណើរការកម្មវិធីទូរសព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀត។ កិច្ចប្រជុំពិភាក្សាអំពីការអភិវឌ្ឍកម្មវិធីនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូល និងស្វែងរកកិច្ចសហការដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។
លោកជំទាវទេសាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃ កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដោយរំពឹងថានឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។
លោកជំទាវបន្ថែមថា កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន។
អង្គប្រជុំបានសាទរ និងកោតសសើរចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍន៍កម្មវិធីនេះ សំដៅឈានទៅសម្រេចបានរួចរាល់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗ៕
ប្រភព៖ ធនាគារជាតិនៃកម្ពុជា