ប្រធាន​សហព័ន្ធ​ប្រដាល់​ថ្មី​រៀង​កាច​បន្តិច​ហើយ​ ពិសេស​រឿង​ឡាំប៉ា​តាម​សង្វៀន​នេះ​គ្មាន​ការ​លើកលែង​ទេ​

  • 2024-07-25 08:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ថ្មី​ ឯកឧត្ដម​ ខូវ​ ឆាយ​ រៀង​កាច​បន្តិច​ហើយ​ពិសេស​មិន​ថា​គ្រូ​ ឬ​កីឡាករ​ដែល​ឡាំប៉ា​ធ្វើ​ទង្វើ​បង្កចលាចល​តាម​សង្វៀន​នានា​មិន​អាច​លើកលែង​បាន​ឡើយ​ដូច​ករណី​លោក​ អេ ភូថង​ នេះ​ជា​ដើម។​

ឯកឧត្ដម​ ខូវ​ ឆាយ​(ឆ្វេង)

ដូច​ទៅ​និង​ការ​លើកឡើង​ពេល​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ដំបូង​ម្ល៉េះ​គឺ​ឯកឧត្ដម​នឹង​ចេញ​មុខ​ដោះស្រាយ​រាល់​បាតុភាព​នានា​ក្នុង​រង្វង់​គុន​ខ្មែរ​ពិសេស​ការ​ប្រកាន់​បក្សពួក​ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រកួត​នានា​ផង​ដែរ។​

ជាក់ស្ដែង​ដូច​រឿង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​ រិន​ ដេវីត​ និង​ ធន់ អេងឡៃ​ កន្លង​ទៅ​ដោយ​ដោះស្រាយ​ឲ្យ​ប្រកួត​ឡើង​វិញ។​ រឿង​លោក​ ឡោ​ សំណាង​ ឡើង​ទៅ​បង្ហាញ​កាយវិការ​មិន​សមរម្យ​អំឡុង​ការ​ប្រកួត​របស់​ រិន​ ដេវីត​ កន្លង​ទៅ​នោះ​ក៏​មាន​ការ​ដាក់​វិន័យ​ផង​ដែរ។​

រូបភាពសហព័ន្ធ

ងាក​មក​រឿង​ថ្មីៗ​នេះ​របស់​លោក​ អេ ភូថង​ ចំពោះ​ការ​ជេរប្រមាថ​ និង​មិន​ផ្ដល់​តម្លៃ​ដល់​មន្ត្រី​សហព័ន្ធ​ អាជ្ញាកណ្ដាល​ ប្រធាន​គណៈវិនិច្ឆ័យ​កន្លង​ទៅ​នេះ​ក៏​រង​ការ​ដាក់​វិន័យ​ផង​ដែរ​បើ​ទោះ​ជា​លោក​មាន​កេរ្តិ៍ឈ្មោះ​ និង​គុណ​សម្បត្តិ​ជា​ច្រើន​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ក៏​ដោយ។​

រូបភាពសហព័ន្ធ

ជា​មួយ​និង​រឿង​ខាង​លើ​នេះ​ដែរ​ឯកឧត្ដម​ ខូវ​ ឆាយ​ បាន​លើក​ឡើង​ថា​ លោក​មក​នេះ​មិនមែន​ជា​មេ​សហព័ន្ធ​នោះ​ទេ​ មក​ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​ដែល​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​គោរព​ និង​អនុវត្តន៍​ច្បាប់​ ដូច្នេះ​ចំពោះ​មន្ត្រី​ ឬ​គ្រូ​បង្វឹក​ កីឡាករ​ណា​ដែល​ប្រព្រឹត្តិ​ខុស​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​សហព័ន្ធ។​ ក្នុង​ករណី​ធ្ងន់ធ្ងរ​ឈាន​ដល់​ការ​ដក​ចេញ​ឯកឧត្ដម​នឹង​ដក​ចេញ។​

រូបភាពសហព័ន្ធ

ឯកឧត្ដម​សង្កត់​ធ្ងន់​ចំពោះ​ករណី​រឿង​ដូច​លោក​ អេ​ ភូថង​ រួម​ទាំង​បណ្ដា​គ្រូ​បង្វឹក​ កីឡាករ​ផ្សេងៗ​ទៀត​ដែរ​សូម​កុំ​ឲ្យ​មាន​ទង្វើ​មិន​ល្អ​បែប​នេះ​នៅ​ពេល​ក្រោយៗ​ទៀត​មិន​ថា​ក្នុង​សង្វៀន​ប្រដាល់​ណា​មួយ​ឡើយ។​ ប្រសិន​បើ​កីឡាករ​ផ្ទាល់​ ឬ​គ្រូ​បង្វឹក​មិន​ពេញ​ចិត្ត​ មិន​អស់​ចិត្ត​អំពី​ការ​សម្រេច​លើ​លទ្ធផល​ពេល​ប្រកួត​អ្វី​នោះ​សូម​អនុវត្តន៍​តាម​ច្បាប់​ដូច​ជា​ដាក់​ពាក្យ​តវ៉ា​មក​សហព័ន្ធ​នោះ​ថ្នាក់ដឹកនាំ​នឹង​ពិនិត្យ​ដោះស្រាយ​ជូន​ភ្លាម។​ រៀន​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ល្អ​ពី​ឥឡូវ​ទៅ​នោះ​នៅ​ពេល​ប្រដាល់​គុន​ខ្មែរ​កាន់​តែ​រីក​សុះសាយ​​ធំ​ទៅ​ធានា​មិន​មាន​ភាព​រញ៉េរញ៉ៃ​ និង​អភិវឌ្ឍន៍​ដោយ​ភាព​ច្បាស់លាស់។​

រូបភាពសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ ឯកឧត្ដម​ ខូវ​ ឆាយ​ ត្រូវ​បាន​សហព័ន្ធ​តែងតាំង​ និង​ចេញ​សេចក្ដី​ប្រកាស​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃ​ទី២៩​ ខែ​មីនា​ ឆ្នាំ​២០២៤។​ ឯកឧត្ដម​ត្រូវ​ដឹកនាំ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​រហូត​បញ្ចប់​អាណត្តិ​ទី៧​ ឆ្នាំ​២០២១​ ដល់​ ២០២៥។​ ឯកឧត្ដម​ ខូវ​ ឆាយ​ ចូល​មក​កាន់​ជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ជំនួស​ឯកឧត្ដម​ តែម​ ម៉ឺន​ ដែល​ផ្លាស់ប្ដូរ​ទៅ​ជា​ប្រធាន​កិត្តិយស​សហព័ន្ធ៕​

ឯកឧត្ដម ខូវ ឆាយ​ ពេល​ចុះទៅបណ្ដាក្លឹបប្រដាល់

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី