ដឹងហើយខេត្ត​ដែលធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រ ឆ្នាំ​២០២៤នេះ

  • 2024-07-25 07:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តដែល​នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រ​ឆ្នាំ​២០២៤នេះ គឺ​ខេត្តកំពត។ នេះបើតាម​ការបញ្ជាក់​របស់​ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំមួយ​កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៤។

ឯកឧត្តម​បានលើកឡើង​ថា ឆ្នាំនេះ​ខេត្តកំពត​ទទួលបាន​កិត្តិយស​ធំណាស់​ដែល​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានជ្រើសយក​ខេត្ត​ដើម្បី​ធ្វើជាម្ចាស់ផ្ទះ​ក្នុងការប្រារព្ធ​ធ្វើពិធីបុណ្យ​សមុទ្​រលើកទី១១ ជុំទី៣។ ដើម្បីឱ្យស័កសមជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រ និងជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ឯកឧត្តមស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត ពិសេសវិស័យឯកជនទាំងអស់ ចូលរួមរៀបចំកែលម្អសោភ័ណភាពជុំវិញទីតាំងរបស់ខ្លួន ដោយរៀបចំក្រាលការ៉ូម៉ាប នឹងបន្តតុបតែងលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំនេះ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តបានបន្តថា កំពតគឺជាខេត្តប៉ូលទេសចរណ៍មួយក្នុងប្រទេសកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាល​បានណែនាំ​ឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីកសក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តឱ្យបានច្រើនពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន។

ជាមួយ​គ្នានេះ ឯកឧត្តម ម៉ៅ ធនិន ក៏បង្ហាញក្តី​រំពឹងដែរថា ក្រោយនាឡិកាយក្សដែលមានកម្ពស់ ៣៥ម៉ែត្រ ស្ថាបនារួចរាល់ កំណើនភ្ញៀវទេសចរនិងមានការកើនឡើង ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើឡើងបន្ថែមទៀត។

សូមជម្រាប​ថា រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ អាជ្ញាធរខេត្តកំពត បានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ ដែលបម្រើ និងផ្តល់សេវាកម្មផ្នែកទេសចរណ៍ត្រូវរក្សាឱ្យបាននូវស្ថេរភាពតម្លៃម្ហូបអាហារ សេវាស្នាក់នៅ ក្នុងន័យចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ពិសេសក្នុងពិធីបុណ្យសមុទ្រដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពតនាពេលខាងមុខនេះ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទថ្មី