អនុប្រធានសហព័ន្ធហាប់គីដូ ជួបសំណេះសំណាល និងលើកទឹកចិត្តកីឡាករត្រៀមទៅប្រកួតពិភពលោកនៅថៃ
- 2024-07-29 04:24:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានសហព័ន្ធហាប់គីដូ ជួបសំណេះសំណាល និងលើកទឹកចិត្តកីឡាករត្រៀមទៅប្រកួតពិភពលោកនៅថៃ
ចន្លោះមិនឃើញ
លោកឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះបានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីហាប់គីដូផ្ដល់កម្លាំងចិត្ត និងប្រគល់ថវិកាឧបត្ថម្ភត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសថៃ ថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។
លោកឧកញ៉ា គួច ហុងចៀក តំណាងប្រធានសហព័ន្ធលោកឧកញ៉ា សៅ សេងហាក់ បានឲ្យដឹងថា ការជួបជុំនេះគឺសំណេះសំណាល ផ្ដល់ដំបូន្មានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទាំងការធ្វើដំណើរ ហូបចុក និងការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយនៅពេលប្រកួតជាដើម។
ជាមួយគ្នានេះដែរលោកឧកញ៉ាសម្ដែងនូវការសប្បាយរីករាយជាខ្លាំងដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ខំប្រឹងប្រែងស្វះស្វែងជួយគ្នាឲ្យបានចេញទៅប្រកួតលើកទី១ ជាប្រវត្តិសាស្ត្ររបស់កីឡាហាប់គីដូកម្ពុជាលើឆាកអន្តរជាតិនេះ។ អនុប្រធានខាងលើថ្លៃអំណរគុណដល់គ្រូបង្វឹកទាំងអស់ដែលខំប្រឹងបង្ហាត់បង្រៀន និងចម្រាញរកបានជើងខ្លាំងលេចធ្លោទាំង ១៩នាក់ទៅចូលរួមប្រកួតនៅថៃលើកនេះ។ បើទោះជាលទ្ធផលយ៉ាងណាគឺលោកឧកញ៉ាក៏ដូចជាសហព័ន្ធទាំងមូលទទួលជានិច្ច ព្រោះជាការចេញទៅលើកទី១ ដូច្នេះវាថ្មីសម្រាប់កីឡាករ កីឡាការិនី។
ថ្នាក់ដឹកនាំខាងលើបន្ថែមទៀតថា ការចេញទៅប្រកួតលើកទី១នេះនឹងធ្វើឲ្យក្រុមកីឡាហាប់គីដូកម្ពុជាទទួលបានបទពិសោធ ចំណេះដឹងបានច្រើនដើម្បីពង្រឹងសមត្ថភាព អភិវឌ្ឍន៍ចំណុចខ្វះខាតដើម្បីឆ្ពោះទៅការប្រកួតប្រជែងមេដាយកម្រិតអន្តរជាតិនាឱកាសក្រោយៗទៀត។
បញ្ជាក់ដែរថា ការជួបសំណេះសំណាលរបស់លោកឧកញ៉ា គួច ហុងចៀក អនុប្រធានខាងខ្មែរកីឡាហាប់គីដូនេះធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ក្រៅតែពីការជួបសំណេះសំណាលហើយនោះសហព័ន្ធបានប្រគល់ថវិកាឧបត្ថម្ភពីក្រុមហ៊ុនឡារីតា (Larryta Express) និងថវិការបស់គណៈកម្មាធិការប្រតិបត្តិដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី។ សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងចេញទៅប្រកួតជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) ប្រទេសថៃ នៅថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។ កម្ពុជានឹងបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ និងប្រតិភូ គ្រូបង្វឹក សរុប ២៤នាក់៕