ឃើញ idol សម្បូរការងារ BA ខ្លាំងពេក អ្នកគាំទ្រផ្តល់រហ័សនាមឱ្យ ស៊ីន យូប៊ីន ថា "Queen of BA"

  • 2024-07-29 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកធ្លាប់តែឃើញតារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ធ្វើរឿងពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្រ តែពុំនឹកស្មានថា លើកនេះអ្នកគាំទ្របែរជាធ្វើឱ្យ idol សណព្វចិត្តរបស់ពួកគេភ្ញាក់ផ្អើលខ្លាំងទៅវិញ ដោយហ្វេនៗនាំគ្នាដាក់រហ័សនាមថ្មីឱ្យតារាស្រីរូបនេះថា «Queen of BA» ឬ «ក្សត្រីនៃទូតសុឆន្ទៈ»។

រូបភាព៖ ហ្វេសប៊ុក Shin Yubin

ការផ្តល់រហ័សនាមថ្មីឱ្យ យូប៊ីន បែបនេះគឺដោយសារពួកគេមើលឃើញថា នាងជាតារាស្រីដ៏មានសមត្ថភាព អាចក្តោបក្តាប់តំណែងជាទូតសុឆន្ទៈ (BA) ក្រុមហ៊ុន និងប្រេនជាតិ-អន្តរជាតិ ជាច្រើនដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះបោះសម្លេង និងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ រួមមាន៖ Pedro, Calvinklien, Fendi, Casa, T-one, Samsung Smart Phone, Samsung electronics, Rejuvinus, MG, Chipmong Mall និង Chipmong Land និងប្រេនធំៗជាច្រើនទៀត ដែលជំរុញឱ្យសន្ទុះទីផ្សារការងាររបស់នាងខ្លាំងមិនថមថយនោះឡើយ។

រូបភាព៖ ហ្វេសប៊ុក Shin Yubin

ហ្វេនៗពិតជារំភើប ហើយស្ញប់ស្ញែងតារាស្រីរូបនេះខ្លាំងមែនទែន ដោយគ្រាន់តែរយៈពេល១ខែចុងក្រោយនេះ យូប៊ីន ត្រូវបានប្រកាសតំណែងជា BA ៣ ដងផ្ទួនៗ ត្រូវទៅនឹងរហ័សនាម «Queen of BA» ម៉ាច់តែម្តង។ សូម្បី ក្រុមហ៊ុនសាមសុងដែលផ្អាកជ្រើសរើសអ្នកតំណាងច្រើនឆ្នាំ ក៏មើលឃើញពីសក្កានុពលរបស់តារាស្រីរូបនេះ ហើយប្រកាសជា BA ២ ដងផ្ទួនៗក្នុងឆ្នាំតែមួយ។

នេះពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែនសម្រាប់អ្នកគាំទ្ររបស់ យូប៊ីន ព្រោះកាលពីដើមឆ្នាំ២០២៤ នាងទើបត្រូវប្រកាសជា BA របស់ទូរសព្ទស៊េរីទំនើប ឥឡូវត្រូវបានប្រកាសជា BA លើផ្នែកអេឡិចត្រូនិកបន្ថែមទៀត ធ្វើឱ្យនាងមានឱកាសបង្ហាញពីគ្រឿងបរិក្ខា និងសម្ភារៈផ្ទះបាយស៊េរីទំនើបបំពាក់បច្ចេកវិទ្យា AI ដំបូងគេ ដែលវានឹងផ្តល់បទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់។

រូបភាព៖ ហ្វេសប៊ុក Shin Yubin

ប្រភពជិតដិតជាមួយតារាស្រីរូបនេះ បានបង្ហើបឱ្យដឹងថា យូប៊ីន កំពុងត្រៀមចុះកុងត្រាជាទូតសុឆន្ទៈឱ្យក្រុមហ៊ុន ៣ បន្ថែមទៀតនាពេលឆាប់ៗ ថែមទាំងត្រៀមភាពភ្ញាក់ផ្អើលមកពញ្ញាក់អារម្មណ៍ហ្វេនៗថែមទៀតផង។ ក្រៅពីនោះក៏មានការងារផ្សេងៗទៀត រួមទាំងតំណែងទូតសុឆន្ទៈតំណាងកម្មវិធីសំខាន់ៗផងដែរ។

ទោះបីការងារសិល្បៈមមាញឹកខ្លាំងកម្រិតណា ក៏ ស៊ីន យូប៊ីន បំពេញតួនាទី និងភារកិច្ចជាទូតសុឆន្ទៈបានយ៉ាងល្អល្អះ ស័ក្កសមកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញជាកំពូលតារាស្រីលំដាប់ប្រទេសកម្ពុជា៕

អត្ថបទ៖ Ah Mouy