ចូលវ័យ១៤ឆ្នាំ ម៉ីជីង កាន់តែដូច ពេជ្រ សូលីកា បេះដាក់ ទាំងរូបសម្រស់ និងសមត្ថភាពសិល្បៈ!

  • 2024-07-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា មានប្អូនស្រីពៅម្នាក់ឈ្មោះថា ម៉ីជីង ដែលបច្ចុប្បន្ននាងមានអាយុ ១៤ឆ្នាំហើយ។

រូបភាព៖ ហ្វេសប៊ុក Iam_mei_jing

ប្អូនស្រីពៅរបស់ម្ចាស់បទ «ហេតុអ្វីយើងបែកគ្នា» មិនត្រឹមតែមានរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ ក៏មានដុងទេពកោសល្យសិល្បៈខ្ពស់មិនចាញ់បងស្រីប៉ុន្មានឡើយ ទាំងការរាំ ច្រៀង សម្តែង និងការតុបតែងខ្លួន មើលទៅស្រដៀងគ្នាខ្លាំង រហូតអ្នកខ្លះលើកឡើងថា ម៉ីជីង មើលទៅដូច សូលីកា បេះបិទតែម្តង។ សូម្បី ពេជ្រ សូលីកា ខ្លួនឯងក៏ធ្លាប់លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកថា «គេថា ឆ្នាំងណា គំរបហ្នឹង»។

រូបភាព៖ ហ្វេសប៊ុក Iam_mei_jing

តារាចម្រៀងសម្លេងស្រទន់ សូលីកា បានបើកភ្លើងខៀវឱ្យប្អូនស្រីពៅឈានជើងចូលវិស័យសិល្បៈតាមគន្លងរបស់នាង តាមរយៈការបកស្រាយចម្រៀងរួមគ្នាជាមួយនាងផ្ទាល់តែម្តង។ ស្នាដៃដំបូងបង្អស់របស់បងប្អូនស្រីបង្កើតទាំងពីរចំណងជើងថា «ផ្កាឈូកកំសត់» ដែលបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក។

រូបភាព៖ ហ្វេសប៊ុក Pich Solikah

ក្រៅពីការបកស្រាយចម្រៀងរួមគ្នា សូលីកា ក៏បើកដៃឱ្យប្អូនស្រីពៅរូបស្រស់ មានឱកាសឡើងបញ្ចេញសមត្ថភាពក្បាច់រាំលើឆាកប្រគំតន្ត្រីផងដែរ ធ្វើឱ្យទស្សនិកជនឃើញពីសមត្ថភាពសិល្បៈរបស់ ម៉ីជីង កាន់តែច្បាស់ឡើង។

បន្ថែមពីលើការបកស្រាយចម្រៀងខ្មែរ ម៉ីជីង ក៏អាចច្រៀងបទអង់គ្លេសបានពីរោះរណ្តំផងដែរ ហើយបើនិយាយពីក្បាច់រាំវិញនោះ យុវតីរូបស្រស់នេះអាចរាំបទ K-POP បានយ៉ាងរស់រវើកមិនចាញ់សិល្បកររៀមច្បងប៉ុន្មានឡើយ។

រូបភាព៖ ហ្វេសប៊ុក Iam_mei_jing

ជារឿយៗគេរមែងឃើញ ម៉ីជីង បង្អូតសម្រស់ដ៏ផូរផង់លើបណ្តាញសង្គមហ្វេសប៊ុក អ៊ីនស្ត្រាក្រាម និងកម្មវិធី Tik Tok ជាដើម។ គេពុំទាន់ដឹងថា តើ ម៉ីជីង អាចច្បាបបានប្រជាប្រិយភាពក្នុងវិស័យចម្រៀងដូចបងស្រីឬយ៉ាងណាទេ? ខណៈបច្ចុប្បន្ននាងក៏មានហ្វេនរង់ចាំតាមដានមើលសកម្មភាពប្រចាំថ្ងៃគ្រប់ពេលនាងបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម។

រូបភាព៖ ហ្វេសប៊ុក Iam_mei_jing

គួររំឮកផងដែរថា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់មានពាក្យចចាមអារាមថា ម៉ីជីង ទំនងជាកូនស្រីរបស់ សូលីកា ជាមួយអតីតគូស្នេហ៍ ដោយសារភិនភាគរបស់អ្នកទាំងពីរដូចគ្នាខ្លាំងពេក គួបផ្សំការលេចឮផ្សេងៗជាច្រើនទៀតលើបណ្តាញសង្គម។ ប៉ុន្តែ ក្រោយមកប្រភពស្និទ្ធជាមួយ សូលីកា បានឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា ម៉ីជីង ជាកូនស្រីរបស់ម្ដាយនាងជាមួយស្វាមីក្រោយ ដូច្នេះនាងគឺជាប្អូនស្រីពៅរបស់តារាចម្រៀង ពេជ្រ សូលីកា៕

រូបភាព៖ ហ្វេសប៊ុក Pich Solikah

អត្ថបទ៖ Ah Mouy