រថយន្ត​អគ្គិសនី​នៅថៃ កំពុង​សល់ក្នុងស្តុក ៩ម៉ឺនគ្រឿង​លក់​មិនចេញ

  • 2024-07-31 04:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​រថយន្តអគ្គិសនីនៅក្នុងប្រទេស​ថៃ កំពុងជួបប្រទះនឹងការផ្គត់ផ្គង់​លើសជ្រុលខ្លាំង​ពីតម្រូវការ​ ពោលគឺ​នៅសល់​ក្នុងស្តុកប្រមាណ ៩ម៉ឺនគ្រឿង​ទៀតឯណោះ ដែលលក់មិនចេញ។

រថយន្តអគ្គិសនី ​ចំនួនជាង ១៨,៥ម៉ឺនគ្រឿង ត្រូវបាន​នាំចូលមក​ក្នុងប្រទេស​ថៃ ចាប់តាំងពីរដ្ឋាភិបាល​ បាន​ចាប់ផ្តើម​កម្មវិធីឧបត្ថម្ភធន​សម្រាប់​រថយន្តអគ្គិសនី​នៅឆ្នាំ​២០២២។ ប៉ុន្តែ​បើតាម​ទិន្នន័យរបស់​ក្រសួងដឹកជញ្ជូនផ្លូវគោក​ប្រទេសថៃ ឱ្យដឹងថា គិតមកដល់ពេលនេះ មាន​រថយន្តអគ្គិសនី​ថ្មីៗ​ចំនួនជាង ៨,៦ម៉ឺនគ្រឿងប៉ុណ្ណោះ ដែលបាន​ចុះបញ្ជី ដូច្នេះ​គឺ​នៅសល់ប្រមាណ ៩ម៉ឺនគ្រឿងទៀត​​ឯណោះ ដែលមិនទាន់បានលក់​ចេញ។

ការសល់​រថយន្ត​អគ្គិសនីដ៏ច្រើនបែបនេះក្នុងទីផ្សារ​ នឹង​ធ្វើឱ្យមាន​ប្រកួត​ប្រជែង​បញ្ចុះតម្លៃរថយន្ត​ និងប៉ះពាល់​ដល់​ផលិតកម្មរថយន្ត ជាហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​ត្រូវបង្ខំ​កាត់បន្ថយចំនួនផលិត និងបិទរោងចក្រ​តែម្តង។

សមាគម​យានយន្តអគ្គិសនីនៃប្រទេសថៃ បានលើកឡើងថា ប្រទេស​នេះ​ជួបបញ្ហា​នៃការផ្គត់ផ្គង់​ EV ច្រើនជ្រុល ដែល​ភាគច្រើន​នាំចូលពីប្រទេសចិន ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន EV ចិន មកវិនិយោគបើករោងចក្រ​ក្នុងប្រទេសថៃ ក៏កាន់តែច្រើនផងដែរ។

គួរដឹងថា BYD គឺ​ក្រុមហ៊ុនវិនិយោគ​ធំបំផុត​ក្នុងចំណោម​ក្រុមហ៊ុនរថយន្តចំនួន៦ ដែល​ចូលមកប្រទេសថៃ ក្រោមកម្មវិធី​លើកទឹកចិត្តខាងលើនេះ។ បច្ចុប្បន្នេះ រថយន្តអគ្គិសនី BYD កំពុងលក់បញ្ចុះតម្លៃ​យ៉ាងច្រើន។ ក្រៅពី BYD ក៏មានក្រុមហ៊ុនចិន​មួយចំនួនទៀត បើករោងចក្រ​នៅថៃជាបន្តបន្ទាប់ និងកំពុងចូលមកជំនួសកន្លែងក្រុមហ៊ុនរថយន្តជប៉ុន ដែលធ្វើឱ្យក្រុមហ៊ុនជប៉ុន ៣ហើយ ប្រកាសបិទរោងចក្រ​ក្នុងប្រទេសនេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី