អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​​រាជធានី​ភ្នំពេញ​ អំពាវនាវ​បណ្ដា​ក្លឹប​សូម​បណ្ដុះ​ថ្នាល​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​

  • 2024-07-31 04:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ និង​សកល​ ជ្រើសរើសជើងឯក​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​លោក​ អ៊ុក​ ចន្ធា​ អនុប្រធាន​មន្ទីរ​បាន​អំពាវនាវ​ដល់​បណ្ដា​ក្លឹប​ក្នុង​រាជធានី​ភ្នំពេញ​សូម​បណ្ដុះ​បណ្ដាល​ធនធាន​ថ្នាល​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។​

លោក​ អ៊ុក​ ចន្ធា​

លោក​ អ៊ុក​ ចន្ធា​ លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ថា​ តាម​រយៈ​ការ​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​នេះ​មើល​ឃើញ​ថា​បណ្ដា​ក្លឹប​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ និង​បង្ហាញ​ពី​ការ​ខំប្រឹង​ប្រែងហ្វឹកហាត់​របស់​កីឡាករ​ កីឡា​ការិនី​ចូលរួម​ និង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព។​

ទិដ្ឋភាពម្សិលមិញ

អនុប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​ដែរ​ជា​ការ​បង្កើន​កម្រិត​បច្ចេកទេស​ ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​មិត្តភាព​ សាមគ្គីភាព​ និង​សុខភាព។​ ជា​មួយ​គ្នា​នេះ​ដែរ​លោក​អំពាវនាវ​ដល់​បណ្ដា​ក្លឹប​បន្ត​បណ្ដុះបណ្ដាល​ថ្នាល​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ជា​អ្នក​ស្នង​កីឡាករ​ចាស់ៗ​ និង​ជា​ធនធាន​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ទាំង​ពីរ​នេះ​កាន់​តែ​សំបូរ​ និង​រីកចម្រើន។​

ទិដ្ឋភាពម្សិលមិញ

ចំពោះ​កីឡាករ​ដែល​ទទួល​បាន​ជយលាភី​សូម​បន្ត​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ចូលរួម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​ដូច​ជា​ប្រដាល់​សកល​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ប្រដាល់​គុន​ខ្មែរ​ និង​ប្រដាល់​សកល​ រាជធានី​ភ្នំពេញ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ក្នុង​សាល​ហ្វឹកហាត់​ប្រដាល់​សកល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្លឹប​ចូលរួម​ប្រកួត​ប្រជែង​សរុប​ ១១​ ប្រកួត​លើ​ ១៣​ប្រភេទ​ទម្ងន់៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​