នាំចូលមិនទាន់បានប៉ុន្មានផង ខ្សែការពារ Man Utd ថ្មីអាចអវត្តមានរយៈពេលយូរ
- 2024-07-31 13:03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំចូលមិនទាន់បានប៉ុន្មានផង ខ្សែការពារ Man Utd ថ្មីអាចអវត្តមានរយៈពេលយូរ
ចន្លោះមិនឃើញ
ខ្សែការពារថ្មីរបស់ Manchester United កីឡាករ Leny Yoro បានរងរបួសរហូតដល់កាន់កាត់ដែកច្រត់។
មិនទាន់មានរបាយការណ៍ចុងក្រោយណាមួយហ៊ានអះអាងថា Yoro នឹងអវត្តមានរយៈពេលប៉ុន្មានសប្ដាហ៍នោះទេ។ បើតាមពាក្យចចាមអារ៉ាមខ្លះ Yoro អាចរបួសធ្ងន់ និងអវត្ថមានជាច្រើនខែ។
កាលពីប្រកួតមិត្តភាពជាមួយ Arsenal កាលពីចុងសប្ដាហ៍កន្លងទៅ ខ្សែការពារ Leny Yoro បានបង្ហាញខ្លួនលើកដំបូងឲ្យបិសាចក្រហម។ យ៉ាងនេះក្ដី មិនទាន់ចូលតង់ទីពីរ កីឡាករក៏រងរបួសប្រអប់ជើង បណ្ដាលឲ្យអ្នកចាត់ការ Erik Ten Hag សម្រេចប្ដូរកីឡាករចេញ។
លោក Ten Hag ត្រូវបានរាយការណ៍ថា នឹងចេញមុខនិយាយពីរយៈពេលរបួសរបស់ Yoro នៅចុងសប្ដាហ៍ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតជាមួយ Liverpool។
កាលពីដើមសប្ដាហ៍មុន ក្លឹប Manchester United ទើបនាំចូលខ្សែការពារបារាំង Leny Yoro ពីក្លឹប Lille ក្នុងតម្លៃផ្ទេរប្រមាណ ៧០ លានដុល្លារសហរដ្ឋអាមេរិក។ Yoro មានវ័យ ១៨ ឆ្នាំ តែបានបង្ហាញសមត្ថភាពធ្វើជាកីឡាករឈុតធំទៅហើយឲ្យក្លឹប Lille ដោយបានបង្ហាញខ្លួនដល់ទៅ ៤៤ ប្រកួត និងស៊ុតចូល ៣ គ្រាប់ឲ្យក្លឹបកាលពីរដូវកាលមុន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្លះ បានឲ្យដឹងថាបើសិនជា Yoro របួសរយៈពេលវែង នោះក្លឹបនឹងត្រូវបង្ខំចិត្តទិញខ្សែការពារថ្មីក្នុងពេលឆាប់ៗបំផុត ដើម្បីមកពង្រឹងតំបន់ការពាររបស់ក្រុម។
បើតាមដំណឹងចុងក្រោយ Manchester United ក៏បាន និងកំពុងចរចាផ្ទេរយកខ្សែការពារហុល្លង់ Matthjis De Ligt ពីក្លឹប Bayern Munich។ អារម្មណ៍របស់ភាគីក្លឹបទាំងសងខាង កំពុងល្អ ហើយអាចនឹងបិទបញ្ចប់នាពេលឆាប់ៗ ក្នុងករណីនិយាយថ្លៃផ្ទេរត្រូវគ្នា។ ឯ De Ligt វិញ គឺចាប់អារម្មណ៍ចង់មកធ្វើការ និងរួមដំណើរជាថ្មីជាមួយអតីតគ្រូរបស់ខ្លួន គឺលោក Ten Hag គឺជាអ្នកចាត់ការក្លឹបបិសាចក្រហមនាពេលបច្ចុប្បន្ន៕