កីឡាករ​សញ្ជាតិ​ណា​ខ្លះ ធ្លាប់​លេង​នៅ Premier League ?

  • 2024-08-01 11:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស គឺ​ជា​លីគ​បាល់ទាត់​ដ៏​ល្បីល្បាញ​ទូទាំង​សាកលលោក ដោយ​មាន​អ្នក​ទស្សនា និង​តាម​ដាន​រាប់រយ​លាន​នាក់​ក្នុង​មួយ​រដូវ​កាលៗ។ ការ​គាំទ្រ និង​ចំណាប់អារម្មណ៍​លើ​ Premier League មាន​កត្តា​ជា​ច្រើន ដូច​ជា វិសាលភាព​ធំ​ក្នុង​ការ​ផ្សព្វផ្សាយ ហេត្ថារចនាសម្ព័ន្ធ​លីគ​ល្អ ភាព​ប្រកួត​ប្រជែង​ខ្លាំង​របស់​លីគ ក្រុម​ខ្លាំង​ៗ​ច្រើន ព្រម​ទាំង​វត្តមាន​កីឡាករ​ល្អៗ​ជា​ដើម។ ហេតុ​នេះ​ហើយ​ ទើប​លីគ Premier League គឺ​ជា​លីគ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ថវិកា​ជា​ច្រើន ដែល​នេះ​គឺ​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កីឡាករ​ល្អៗ​គ្រប់​ទិសទី​ចង់​ទៅ​លេង​នៅ​អង់គ្លេស។

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​លីគ តាំង​ពី​រៀប​ចំ​ឡើង​វិញ​ក្លាយ​ជា​ Premier League នា​ឆ្នាំ ១៩៩២ មក គិត​ត្រឹម​ខែ​មេសា​ឆ្នាំ​នេះ មាន​កីឡាករ​សរុប ៤៨០៧ រូប​បង្ហាញ​វត្តមាន​លេង​ឲ្យ​លីគ​កំពូល​មួយ​នេះ។ ក្នុង​នោះ បើ​គិត​ជា​សញ្ជាតិ គឺ​មាន ១២៣ សញ្ជាតិ។

ដោយ​សារ​លីគ​កំពូល​អង់គ្លេស​ប្រព្រឹត្ត​ទៅ​ជា​អចិន្ត្រៃយ៍​នៅ​អង់គ្លេស កីឡាករ​សញ្ជាតិ​អង់គ្លេស​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​សរុប ១៦៨៣ នាក់។

បើ​គិត​ជា​ទ្វីប កីឡាករ​ដែល​បាន​លេង​នៅ​ Premier League ច្រើន​ជាង​គេ គឺ​ទ្វីប​អឺរ៉ុប ពោល​គឺ​ដល់​ទៅ ៣៨០៣ នាក់ បើ​គិត​ជា​ភាគ​រយ គឺ ៧៩ ភាគរយ។ ច្រើន​បន្ទាប់​គឺ​ទ្វីប​អាហ្រ្វិក ដែល​មាន​កីឡាករ​សរុប ៣៩៦ នាក់ បើ​គិត​ជា​ភាគ​រយ​ គឺ ៨ ភាគ​រយ។ ច្រើន​លេខ ៣ គឺ​ទ្វីប​អាមេរិក​ខាង​ត្បូង មាន​សរុប ៣០៤ នាក់ បើ​គិត​ជា​ភាគ​រយ​គឺ​ជាង ៦ ភាគ​រយ។ ទ្វីប​អាមេរិក​ខាង​ជើង និង​អាមេរិក​កណ្ដាល​មាន​កីឡាករ ២០១ នាក់ (៤ ភាគរយ) ចំណែក​ឯ​ទ្វីប​អូសេអានី​មាន ៦០ នាក់ (ជាង ១ ភាគ​រយ) និង​អាស៊ី​មាន ៤៣ នាក់ (ជិត ១ ភាគ​រយ)។

បើ​បែង​តាម​សញ្ជាតិ​ប្រចាំ​ទ្វីប ចំពោះ​អឺរ៉ុប បន្ទាប់​ពី​អង់គ្លេស គឺ​បារាំង (២៣៤ នាក់)។ ចំណែក​នៅ​អាហ្វ្រិក នីហេ្សរីយ៉ា មាន​កីឡាករ​ដល់​ទៅ ៥៧ នាក់ ឯ​លេខ ២ គឺ​សេណេហ្គាល់​មាន​កីឡាករ ៤៦ រូប។

នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ប្រេស៊ីល​ច្រើន​គេ គឺ ១១៥ រូប និង​ច្រើន​បន្ទាប់​គឺ អាហ្សង់ទីន​មាន ៨៤ នាក់។ ដោយ​ឡែក​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង និង​អាមេរិក​កណ្ដាល លេខ ១ ស្ទួន គឺ​ចាម៉ៃកា និង​សហរដ្ឋអាមេរិក ដែល​មាន ៥៧ នាក់​ដូច​គ្នា។

នៅ​ទ្វីប​អូសេនី អូស្ត្រាលី​មាន ៥៤ រូប និង​នូវែលសេឡង់​មាន ៦ នាក់។ ចំណែក​នៅ​អាស៊ី​វិញ លេខ ១ គឺ​កូរ៉េ​ខាង​ត្បូង មាន ១៤ នាក់ និង​ជប៉ុន​ដែល​មាន​ច្រើន​បន្ទាប់​គឺ ១៣ រូប៕

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល