Ford កំពុងឆ្ពោះទៅរក​ការផលិត EV តម្លៃធូរថ្លៃ

  • 2024-08-01 04:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford កំពុងផ្តោត​លើ​ការផលិតរថយន្តអគ្គិសនីធុនតូច​ដែលមានតម្លៃធូរថ្លៃប្រហែល ២៥ ០០០ដុល្លារ សម្រាប់​ទីផ្សារ​អាមេរិកខាងជើង នៅត្រឹមឆ្នាំ​២០២៦។

រថយន្ត​តម្លៃធូរថ្លៃនេះ ត្រូវបានគេដឹងថា នឹង​ជាអ្នកស្នងតំណង​រថយន្ត Ford Fiesta និង​ Ford Focus។ យ៉ាងណាក៏ដោយ បើប្រៀបធៀបនឹង​តម្លៃនេះ ក៏វាហាក់នៅថ្លៃជាង​ បើប្រៀបធៀបនឹង​រថយន្តចិន។

លោក Marin Gjaja ប្រធាន​មន្រ្តីប្រតិបត្តិការ​ផ្នែក Model E division របស់ Ford បាន​លើកឡើងថា កន្លងមក ក្រុមហ៊ុន​បាន​បញ្ចេញ​រថយន្ត​ដែល​មានតម្លៃគួរសមរួចមកហើយ ដែល​ពេលខ្លះ​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​បាត់​ចំណូលទៀតផង។ ប៉ុន្តែសួរថា តើ​ក្រុមហ៊ុនអាចប្រកួត​ប្រជែងបែបណាបានទៀត​ជាមួយក្រុមហ៊ុនចិន ដែល​មានទីតាំង​ចំណាយថ្លៃដើមទាបបំផុតនោះ?។

គួរដឹងថា ផែនការ​របស់ Ford នេះ ដើម្បីប្រជែងជាមួយ Tesla ដែល​គ្រោង​នឹង​ផលិតរថយន្ត​តូច តម្លៃធូរថ្លៃ​ផងដែរ ហើយ​នឹង​អាច​ចេញ​លក់​នៅឆ្នាំក្រោយនេះទៀតផង។ គម្រោង​ផលិតរថយន្ត​ EV ធូរថ្លៃ​របស់ក្រុមហ៊ុនអាមេរិកទាំងពីរ គឺ​ដោយសារ​ការប្រកួត​ប្រជែងខ្ពស់​ពី​សំណាក់ក្រុមហ៊ុន​រថយន្តចិន និង​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ដែលកំពុងជួបវិបត្តិ។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Ford បាន​ចាប់ផ្តើម​ផលិតកម្ម​រថយន្តអគ្គិសនី​ទី២របស់ខ្លួន ដែលជាប្រភេទ SUV ​ម៉ូឌែល Explorer។ រថយន្តអគ្គិសនី​ថ្មីរបស់ Ford នេះ ត្រូវបាន​ផលិត​ក្នុងរោងចក្រ​ក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារអឺរ៉ុប បន្ទាប់ពីរោងចក្រនេះ​ត្រូវបាន​ដាក់ទុនអភិវឌ្ឍបន្ថែម ២ពាន់លានដុល្លារ ដើម្បីប្រែក្លាយទៅកន្លែង EV ដ៏មានគុណភាពខ្ពស់បំផុត៕

អត្ថបទ៖ សំភី