ធនាគារ វីង, Wingmarket, Wingmall និង OPPO ជំរុញការប្រើប្រាស់ឌីជីថលនៅកម្ពុជា

  • 2024-08-01 04:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន Wing Inter Logistic Technologies Co., Ltd និង OPPO Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ ដែលជាការបើកផ្លូវក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្ម។

ភាពជាដៃគូនេះមានគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក ដែលជួយឱ្យដៃគូអាជីវកម្មចែកចាយ និងអតិថិជនទាំងអស់របស់ OPPO អាចចូលទៅប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Wing Inter តាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket បន្ថែមពីលើដំណោះស្រាយធនាគារឌីជីថលរបស់ធនាគារ វីង ក៏ដូចជាការផ្តល់ជូនជាច្រើនទៀតពី Wingmall។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies បានលើកឡើងថា៖ “យើងពិតជាមានភាពរីករាយយ៉ាងក្រៃលែងជាមួយនឹងការប្តេជ្ញាចិត្តក្នុងការចូលរួមដំណើរជាមួយ OPPO តាមរយៈការប្រើប្រាស់ដំណោះស្រាយឌីជីថលចុងក្រោយរបស់យើងខ្ញុំ ដែលអាចឆ្លើយតបទៅនឹងកំណើនតម្រូវការនៃដៃគូអាជីវកម្ម ក៏ដូចជាអតិថិជនទូទៅរបស់ OPPO។”

លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា៖ “គោលដៅរបស់យើងគឺផ្តល់នូវធនធាន និងមធ្យោបាយចាំបាច់នានាសម្រាប់ពួកគេដើម្បីរីកចម្រើន ហើយអាចលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរក្នុងយុគសម័យឌីជីថល។”

Wingmarket ដែលជាថ្នាលទីផ្សារឌីជីថលប្រកបដោយភាពច្នៃប្រឌិតមួយ បានរួមបញ្ចូលទីផ្សារឌីជីថលរបស់ខ្លួន ជាមួយនឹងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើប។ ថ្នាលឌីជីថលនេះអាចជួយសម្រួល ការទិញ-លក់ ប្រកបដោយប្រសិទ្ធភាពសម្រាប់សាជីវកម្ម សហគ្រាសធុនតូច និងមធ្យម អ្នកចែកចាយ អ្នកលក់បោះដុំ និងអ្នកលក់រាយនៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ Wingmall និង OPPO ក៏កំពុងស្វែងរកការបង្កើតឱកាសអាជីវកម្មរួមគ្នាផងដែរ ដើម្បីផ្តល់ជូនអតិថិជន ដែលមានបំណងទិញស្មាតហ្វូន OPPO ជាមួយនឹងជម្រើសក្នុងការទទួលបានកម្ចីពីធនាគារ វីង។ ការផ្តល់ជូននេះ អតិថិជនអាចទិញស្មាតហ្វូនពី OPPO ហើយទូទាត់សងនៅពេលក្រោយ។ ទាំងថ្នាលទិញទំនិញតាមអ៊ីនធឺណិត Wingmall និងថ្នាលទីផ្សារឌីជីថល Wingmarket គឺស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Wing Inter។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតមានជាសេចក្តីសោមនស្សរីករាយដែលបានរួមដំណើរជាមួយ OPPO នាពេលនេះ។ ភាពជាដៃគូនេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់យើងក្នុងការជួយទៅដល់អាជីវកម្ម និងសហគមន៍តាមរយៈការចាប់យកនូវការប្រើប្រាស់ឌីជីថល។ ធនាគារ វីង ក៏នឹងផ្តល់ជូនដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុរបស់ខ្លួនទៅដល់ដៃគូអាជីវកម្មចែកចាយរបស់ OPPO ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន។ ចំណែកអតិថិជនវិញ ពួកគេក៏អាចប្រើប្រាស់កម្ចីឌីជីថលរបស់ធនាគារ វីង ដើម្បីទិញផលិតផលរបស់ OPPO បានយ៉ាងងាយស្រួលផងដែរ។

លោក ហាន ប៉េងក្វាង បានបន្តថា៖ “កត្តានេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការជំរុញបរិយាបន្នឌីជីថល និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។” ចក្ខុវិស័យរបស់ធនាគារ វីង ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប មានភាពស័ក្តិសមឥតខ្ចោះជាមួយកិច្ចសហការនេះ។ តាមរយៈការប្រើប្រាស់ជំនាញធនាគារឌីជីថលរបស់ខ្លួន ភាពជាដៃគូនេះ នឹងជួយបង្កើនភាពរឹងមាំរបស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ហើយជួយឱ្យអាជីវកម្មរីកលូតលាស់តាមរយៈសេវាហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់។

លោក Tao Li នាយកប្រតិបត្តិ OPPO Cambodia បានលើកឡើងថា៖ “កិច្ចសហការ ជាមួយធនាគារ វីង និងក្រុមហ៊ុន Wing Inter នាពេលនេះគឺពិតជាមានសារៈសំខាន់ក្នុងការជំរុញបេសកកម្មរបស់យើងក្នុងការផ្តល់នូវគុណតម្លៃកាន់តែប្រសើរ និងភាពងាយស្រួលទៅដល់អតិថិជន”។ លោក Tao Li បានបន្ថែមថា៖ “តាមរយៈការរួមបញ្ចូលដំណោះស្រាយហិរញ្ញវត្ថុ និងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពច្នៃប្រឌិត យើងបាននឹងកំពុងផ្តល់នូវមធ្យោបាយមួយទៅដល់ដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់របស់យើង ដើម្បីសម្រេចបាននូវភាពជោគជ័យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាព។” ក្នុងនាមជាក្រុមហ៊ុនផលិតឧបករណ៍ឆ្លាតវៃឈានមុខគេមួយនៅលើពិភពលោក OPPO បានក្លាយជាម៉ាកយីហោស្មាតហ្វូនដ៏ពេញនិយមបំផុតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

ភាពជាដៃគូនេះគឺបង្ហាញពីការរួមកម្លាំងគ្នារវាង ធនាគារ វីង ក្រុមហ៊ុន Wing Inter និង OPPO ដើម្បីជំរុញបេសកកម្មរួមគ្នាមួយ ដោយបង្កើតបាននូវប្រព័ន្ធបរិវត្តកម្មឌីជីថលមួយ ដែលនាំមកនូវភាពរីកចម្រើន ប្រកបដោយបរិយាបន្ន ក៏ដូចជាការទទួលបានសេវាហិរញ្ញវត្ថុកាន់តែងាយស្រួល។ តាមរយៈជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ក៏ដូចជាការពង្រីកលទ្ធភាពទៅដល់អ្នកប្រើប្រាស់ទទួលបាននូវធនធានចាំបាច់នានា កិច្ចសហការរវាភាគីទាំងបីនាពេលនេះនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការលើកកម្ពស់គុណភាពជីវិតរស់នៅបានកាន់តែប្រសើរនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕