បារាំង​ចាយ​លុយ​កន្លះ​លាន​ដុល្លារ​អាមេរិក ដោយ​គ្រាន់​តែ​ចេញ​បាយល្ងាច​ឱ្យ​ស្ដេច​អង់គ្លេស

  • 2024-08-01 12:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារាំង​ចំណាយ​ទឹកប្រាក់​ ៥១ម៉ឺន​ដុល្លារ​អាមេរិក ដោយ​គ្រាន់​តែ​ចេញ​លើ​ថ្លៃ​ជុបលាង ឬ បង់កេ ថ្វាយ​ជូន​ស្ដេច​អង់គ្លេស​ឆាល​ទី៣។ នេះ​បើ​តាម​របាយការណ៍​ដោយ​តុលាការ​សវនកម្ម​​បារាំង​កាល​ពី​ពេល​ថ្មីៗ​នេះ។

តុលាការ​សវនកម្ម​បារាំង​នេះ​ជា​ស្ថាប័ន​កំពូល​ទទួល​បន្ទុក​លើ​សវនកម្ម​ជាតិ ដែល​ឯករាជ្យ​ដាច់​ចេញ​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ (សភា) និង​នីតិប្រតិបត្តិ​របស់​បារាំង (រដ្ឋាភិបាល)។ ស្ថាប័ន​នេះ​ស្ថិតក្រោម​តុលាការ​រដ្ឋបាល​បារាំង។

ស្ដេចឆាលទី៣របស់អង់គ្លេស​បាន​បំពេញ​ទស្សនកិច្ច​មក​ស្រុក​បារាំង​កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣កន្លង​ទៅ។ អំឡុង​ដំណើរទស្សនកិច្ច​នេះ លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ទទួល​បាយល្ងាច​ជូន​ស្ដេច​អង់គ្លេស​នៅ​វិមានវែរសៃ (Palace of Versailles) ដែល​ជា​រាជវាំង​របស់​អតីត​ស្ដេច​បារាំង។

នៅ​ក្នុង​ពិធីលាងសាយភោជន៍​នេះ មាន​ភ្ញៀវចំនួន ១៨០នាក់ ដែល​ទទួល​ទាន​បាយល្ងាច​នៅ​លើ​តុ​វែង​មួយដ៏ចញ្ចែងចញ្ចាំង​ប្រវែង ៧៣ម៉ែត្រ។ ក្នុង​ពិធីនោះ​ដែរ​មាន​មុខម្ហូប​មួយ​ចំនួន​ដូច​ជា បង្កងខៀវ នំប៉័ងក្ដាម និង​មាន់​ប្រលាក់ស្រាសាំប៉ាញ។

បើ​តាម​របាយការណ៍​សវនកម្ម​ខាង​លើ​នេះ បារាំង​ចាយ១៨ម៉ឺនដុល្លារ​លើ​ការ​រៀបចំ​ម្ហូប ជិត ៥ម៉ឺនដុល្លារ​លើ​ស្រា និង​ក្រៅ​ពី​នេះ​ទៀត​ចាយ​លើ​សម្ភារៈ និង​គ្រឿងសង្ហារិម​ផ្សេងៗ។

ក្រៅ​ពី​ស្ដេច​ឆាល បារាំង​ចាយ​ខ្ទង់​កន្លះ​លាន​ដុល្លារ​ដូច​គ្នា​លើ​ការ​ទទួល​បាយ​សម្រាប់​លោក​នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រ ម៉ូឌី តែ​ចាយ​តែ​ខ្ទង់​ ១៥ម៉ឺនដុល្លារ​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង៕

ប្រភព៖ CNN   អត្ថបទ៖ សេរី មង្គល