ទឹកនៅតាមបណ្តាព្រែក និងប្រឡាយក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ ត្រូវបានរំដោះ និងពង្វាង
- 2024-08-02 02:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកនៅតាមបណ្តាព្រែក និងប្រឡាយក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ ត្រូវបានរំដោះ និងពង្វាង
ចន្លោះមិនឃើញ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤បានចុះពិនិត្យស្ថានភាពរំដោះទឹក ពង្វាងទឹកនៅតាមព្រែក ប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តមបានពិនិត្យស្ថានភាពកាយប្រឡាយពង្វាងទឹកពីព្រែករទាំងតាមប្រឡាយ៩០ តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីនាំទឹកទៅបឹងជើងលោង ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងពិនិត្យស្ថានភាពទឹកតាមប្រឡាយពង្វាងទឹកពីប្រឡាយ៧៨ ហូរទៅកាន់ទន្លេបាទី និងប្រឡាយហនុមាន ក្នុងខេត្តតាកែវ។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ឯកឧត្តមរដ្ឋមន្ត្រី ដោយមានការឯកភាពពីអាជ្ញាធរខេត្តកណ្តាលបានបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី ចំនួន ៣ទីតាំង ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន ពីតំបន់ដែលរងការគំរាមកំហែង និងជន់លិច។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបបានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែនៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗមានការកើនឡើងជាបន្តបន្ទាប់ ព្រមទាំងបង្កជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនផងដែរ៕