ក្រុមហ៊ុន​រថយន្ត​ជប៉ុន៣ បង្កើត​សម្ព័ន្ធភាព​ត្រីកោណ​អភិវឌ្ឍន៍ EV

  • 2024-08-02 04:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ជប៉ុនធំៗចំនួន៣ គឺ Mitsubishi, Honda និង Nissan បានចុះ MoU រួមគ្នា​ដើម្បី​បង្កើត​សហប្រតិបត្តិការ​លើការស្រាវជ្រាវ និងអភិវឌ្ឍ​រថយន្តអគ្គិសនី និង Software កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៤ ត្រៀមទប់ទល់​នឹង​ក្រុមហ៊ុន​ EV ចិន ដែល​កំពុងឡើងខ្លាំង។

ដំបូងឡើយ គឺមានតែ​កិច្ចសហប្រតិបត្តិការរវាង Honda និង Nissan តែប៉ុណ្ណោះដែល​បាន​ចុះកិច្ចព្រមព្រៀង​កាលពីខែមីនា ឆ្នាំ​២០២៤ ហើយពេលនេះគឺមាន Mitsubishi ចូលរួម​ក្នុងសម្ព័ន្ធភាព​ថែមមួយទៀត ដើម្បីបង្កើតឱកាស​អាជីវកម្មថ្មី។

គោលបំណង​របស់​ក្រុមហ៊ុនទាំង៣ ដើម្បី​ឆាប់សម្រេចបាននូវអព្យាក្រឹត្យកាបូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតសូន្យ។ វាអាចធ្វើទៅបាន​តាមរយៈការចែក​រំលែក​នៃការចំណាយ​លើបច្ចេកវិទ្យា​អគ្គិសនី/បរិស្ថាន និងការអភិវឌ្ឍ Software ដែល​ធ្វើឱ្យពួកគេ​អាចប្រកួត​ជាមួយក្រុមហ៊ុនចិនបាន។

លោក Takao Kato នាយកប្រតិបត្តិ​ក្រុមហ៊ុន Mitsubishi បាននិយាយថា កិច្ចសហប្រតិបត្តិការ​ជាមួយដៃគូ គឺជាគន្លឹះដ៏សំខាន់​នៅក្នុង​ឧស្សាហកម្ម​យានយន្តដែល​កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារ​ការច្នៃប្រឌិត​បច្ចេកវិទ្យា ដូចជា រថយន្តអគ្គិសនី និង AI។

ក្រោមសម្ព័ន្ធភាព​នេះ ក្រុមហ៊ុនទាំង៣ ក៏នឹង​នឹង​ចែករំលែកគ្នានូវអាគុយ និងគ្រឿងបង្គុំ EV សម្រាប់​ការផលិតរថយន្ត​នាពេលខាងមុខផងដែរ។

គួរដឹងដែរថា កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន​ Toyota បាន​ប្រកាស​បង្កើតរោងចក្រ​អាគុយ​សម្រាប់រថយន្តអគ្គិសនី ដើម្បីត្រៀមទប់ទល់​នឹង​លំហូរ​រថយន្ត BYD មកក្នុងទីផ្សារជប៉ុន។ អាគុយដែលផលិតនេះ នឹង​បំពាក់​លើ​រថយន្ត​ Lexus។

បើសង្កេតមើល​ឧស្សាហកម្មរថយន្តជប៉ុនវិញ គឺនៅពេលមានការបង្កើតសម្ព័ន្ធភាពនេះ ហាក់ធ្វើឱ្យមានការហែកចែកជាពីរ ដោយមួយក្រុម គឺជា Mitsubishi, Honda, Nissan ឯមួយក្រុមទៀត គឺ Toyota, Mazda និង Subaru៕

អត្ថបទ៖ សំភី